របងស្រោបដោយបន្លាលលួសបានហ៊ុមបរិវេណក្រុមហ៊ុន Vanny Bio Research ក្នុងប្រទេសកម្ពុជា ដែលបិទបាំងប្រតិបត្តិការបង្កាត់ពូជសត្វព្រៃនៅក្នុងនោះ។
មានផ្លាកសញ្ញាស្វាគមន៍មួយត្រូវបានបិតនៅក្បែរច្រកទ្វារធំរបស់កសិដ្ឋាននេះ និងត្រូវបានគេសរសេរថា «មិនទទួលយកការសម្ភាសពីស្ថាប័នសារព័ត៌មានណាមួយឡើយ»។
ម្ចាស់កសិដ្ឋាន អ្នកគ្រប់គ្រងកន្លែងនេះ ព្រមទាំងមន្ត្រីរដ្ឋាភិបាលកម្ពុជាចំនួនពីររូប ត្រូវបានព្រះរាជអាជ្ញាសហរដ្ឋអាមេរិក ចោទប្រកាន់ពីបទជួញដូរសត្វព្រៃ កាលពីខែវិច្ឆិកា។
តាមរយះឯកសាររបស់តុលាការសហព័ន្ធ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា «បណ្តាញរត់ពន្ធសត្វព្រៃអន្តរជាតិ» នេះ បានប្រើប្រាស់រូបភាពមួយ ដែលស្ថិតក្រោមការជួញដូរស្របច្បាប់ទៅលើសត្វស្វាទុកសម្រាប់បង្កាត់ពូជ ជាហេតុផលក្នុងការរត់ពន្ធសត្វស្វាដែលបានចាប់ពីព្រៃរាប់ពាន់ក្បាល ទៅមន្ទីរពិសោធន៍របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលយ៉ាងតិចបួនឆ្នាំ។ ឧស្សាហកម្មស្របច្បាប់ដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ ផ្ដោតខ្លាំងទៅលើប្រភេទសត្វស្វាកន្ទុយវែង ទុកសម្រាប់ធ្វើការពិសោធផ្នែកវេជ្ជសាស្រ្ត។
អ្នកស្រី Sarah Kite សហស្ថាបនិកនៃអង្គការ Action for Primates បាននិយាយថា «ប្រទេសអាមេរិចគឺជាចំនុចកណ្ដាល នៃពាណិជ្ជកម្មពិភពលោក ទាក់ទងនឹងការប្រើប្រាស់សត្វស្វាសម្រាប់ការស្រាវជ្រាវ។ អ្វីៗដែលកើតឡើងនៅក្នុងរង្វង់ពាណិជ្ជកម្មនាំចូល និងនាំចេញរបស់អាមេរិក នឹងមានផលប៉ះពាល់លើសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក។”
ភាពលេចធ្លោរបស់កម្ពុជាលើពាណិជ្ជកម្មនេះ ដែលបានកើនឡើងកំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ធ្វើឱ្យអ្នកស្រាវជ្រាវមានការងឿងឆ្ងល់ និងចាប់ផ្ដើមមើលទៅលើអាជីវកម្មជួញដូរសត្វស្វាដ៏ស្រពិចស្រពិលរបស់ប្រទេសកម្ពុជា។ ក្រៅពីផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងចំនួនសត្វស្វាព្រៃដែលថយចុះ អ្នកជំនាញបសុសាស្ត្រនិយាយថា ការលាយលំនូវសត្វ ដែលចាប់ចេញមកពីព្រៃ ជាមួយសត្វចិញ្ចឹមក្នុងកសិដ្ឋាន អាចបង្កហានិភ័យដល់សុខភាពសាធារណៈជាសាកល ដោយវាអាចនាំយកជំងឺ ចម្លងទៅមន្ទីរពិសោធន៍បរទេស។
យោងតាមទិន្នន័យពាណិជ្ជកម្ម សហរដ្ឋអាមេរិកបាននាំចូលសត្វស្វារស់ច្រើនជាងគេ ពីប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ ដែលត្រូវបានគេចោទប្រកាន់ថា មានសត្វស្វាសរុបចំនួន ៧០,០០០ ក្បាល។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា មានស្វាប៉ុន្មានក្បាល ត្រូវបានគេយកចេញពីព្រៃនោះទេ ប៉ុន្តែព្រះរាជអាជ្ញាបានបង្ហើបថា មានចំនួនដល់ទៅរាប់ពាន់ក្បាលឯណោះ។
សត្វដែលត្រូវបានជួញដូរក្នុងតួរលេខមិនច្បាស់លាស់ សហរដ្ឋអាមេរិកគ្រាន់តែជាទីតាំង ទទួលចែកចាយបន្តតែប៉ុណ្ណោះ។ នោះក៏ព្រោះតែមន្ទីរពិសោធន៍នៅទីនោះ តែងតែធ្វើកោសល្យវិច័យសត្វស្វានាំចូលមកពីប្រទេសកម្ពុជា ដើម្បីនាំចេញបន្តនូវតួខ្លួនរបស់សត្វស្វារាប់រាយ ទៅកាន់ប្រទេសកាណាដា និងទូទាំងទ្វីបអឺរ៉ុប។
សកម្មភាពនេះអាចជម្រុញនូវសកម្មភាពខុសច្បាប់ ដែលអាចកើតមាន នៅក្នុងពាណិជ្ជកម្មជួញដូរនូវសត្វប្រភេទនេះ ដោយសត្វស្វាមួយក្បាលទំនងជាត្រូវបានគេកាត់ជាដុំៗ ចាប់តាំងពីឈាម រហូតដល់ខួរក្បាលរបស់ពួកវា សម្រាប់ធ្វើការពិសោធន។ ទោះមិនទាន់ប្រាកដ មន្ទីរពិសោធន៍ដែលនាំចេញសំណាកទាំងនេះឡើងវិញ អាចជាការជួញដូរបន្ត នូវសត្វស្វាដែលចាប់ពីព្រៃក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដែលអាចឱ្យអ្នកនាំចូល អាចមើលរំលង អំពើពុករលួយដែលត្រូវបានចោតប្រកាន់។
«នេះមិនមែនគ្រាន់តែជាបញ្ហាក្នុងស្រុកទេ ព្រោះនេះជាពាណិជ្ជកម្មអន្តរជាតិ។ ដោយសារតែហានិភ័យដែលស្តែងចេញពីសកម្មភាពទាំងនេះ វាជាក្តីបារម្ភរបស់ពិភពលោកតែម្តង» អ្នកស្រី Anne-Lise Chaber ជាអ្នកជំនាញផ្នែកសុខភាពសាធារណៈ និងជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Adelaide របស់ប្រទេសអូស្ត្រាលី បានលើកឡើង។ ថ្មីៗនេះអ្នកស្រីទើបតែបានចេញផ្សាយការសិក្សាមួយស្តីពីពាណិជ្ជកម្មជួញដូរសត្វស្វា។
អ្នកស្រីបានបន្ថែមថា «ពិភពលោកប្រៀបបីដូចជាភូមិមួយ។ ជំងឺកូវីដ១៩ បានបង្ហាញឱ្យយើងដឹងថា ប្រសិនបើអ្នកមានជំងឺមួយ ដែលកំពុងកើតឡើង ដូចជានៅក្នុងប្រទេសមួយដូចជាប្រទេសកម្ពុជា នោះមានន័យថា ឱកាសនៃការរីករាលដាលជុំវិញពិភពលោក គឺមានកម្រិតខ្ពស់ណាស់»។
អាជីវកម្មសត្វស្វា៖ ការជួញដូរសត្វព្រៃពិភពលោក ក្នុងតម្លៃរាប់ពាន់លានដុល្លារ
សត្វស្វាកន្ទុយវែង គឺជាពូជសត្វដែលមានការជួញដូរច្រើនបំផុត អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារតែតម្រូវការប្រើប្រាស់ពួកវា ក្នុងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ។
ការពិសោធផ្នែកវេជ្ជសាស្ត្រ ដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ១,២៥ ពាន់លានដុល្លារ ត្រូវបានត្រួតពិនិត្យដោយអនុសញ្ញាពាណិជ្ជកម្ម របស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា CITES (សាយតេស) ដែលផ្តល់ភាពស្របច្បាប់ដល់ពាណិជ្ជកម្មតាមរយៈប្រព័ន្ធអនុញ្ញាត បទបញ្ជាសុខុមាលភាពសត្វ តម្រូវការបង្កាត់ពូជ និងច្បាប់ផ្សេងៗទៀត។ ប៉ុន្តែប្រព័ន្ធដែលមានអាយុកាលជិត ៥០ឆ្នាំនេះ បែរមានឈ្មោះមិនសូវល្អ ទាក់ទងចន្លោះប្រហោងផ្លូវច្បាប់ និងកង្វះខាតទិន្នន័យ។
ខណៈពេលដែលប្រទេសកម្ពុជា បានបង្កាត់សត្វស្វាអស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងការនាំចេញលើកដំបូងទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥ ប្រទេសនេះ បានបង្វែរទីផ្សារក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។
ការផ្ទុះឡើងនៃកូវីដ១៩ នាំឱ្យមានការរីកដុះដាលនៃការនាំចូល និងការនាំចេញជាសាកល ខណៈដែលប្រទេសនានា កំពុងប្រជែងគ្នាដើម្បីបង្កើតវ៉ាក់សាំង។ កាលពីខែកក្កដា សត្វស្វាត្រូវបានគេដាក់បញ្ចូលពី «ងាយរងគ្រោះ» ទៅ «ជិតផុតពូជ» ក្នុងបញ្ជីក្រហមនៃប្រភេទសត្វរងការគំរាមកំហែង ដែលបានលើកឡើងពី «ការប្រើប្រាស់ជីវសាស្ត្រ» ជាការកត្តាគំរាមកំហែងសំខាន់។
កម្ពុជាបានជួញដូរសត្វស្វារស់ជាង ៣៣ ០០០ក្បាល ក្នុងឆ្នាំ ២០២០ ដែលច្រើនជាងពាក់កណ្តាល នៃការជួញដូរសត្វស្វាពិភពលោក ដែលបានកត់ត្រានៅឆ្នាំនោះ។ ក្នុងចំណោមស្វា១០ក្បាល ប្រមាណ ៧ក្បាល បញ្ចូនចូលសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Vanny Bio Research ដែលត្រូវបានចោទប្រកាន់ គឺជាអ្នកនាំចេញសត្វស្វាដ៏ធំបំផុតរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែ ការចេញផ្សាយជាសាធារណៈរបស់ក្រុមហ៊ុន បានបដិសេធយ៉ាងខ្លាំងទៅលើការចោតប្រកាន់នានា។ បើយោងតាមទិន្នន័យដែលចេញផ្សាយដោយប្រធានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា កសិដ្ឋាននេះបាននាំចេញសត្វស្វារស់ជាង ៤០,៧០០ក្បាល ទៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២។
ការចោទប្រកាន់ខែវិច្ឆិកា កើតឡើងបន្ទាប់ពីការចាប់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា ដែលអនុវត្តដោយ CITES ក្នុងប្រទេស នៅសហរដ្ឋអាមេរិក ពីបទជួញដូរសត្វព្រៃ។ អ្នកស្រី Kite ចាត់ទុកថាវាជា «សោកនាដកម្មដ៏ហួសចិត្ត» ។
នៅពេលនោះ លោក គ្រី មះផល អនុប្រធានផ្នែកសត្វព្រៃ និងជីវចម្រុះ កំពុងធ្វើដំណើរទៅកាន់កិច្ចប្រជុំអន្តរជាតិមួយ អំពីបទប្បញ្ញត្តិពាណិជ្ជកម្ម សម្រាប់ប្រភេទសត្វជិតផុតពូជ។ ថ្នាក់លើរបស់គាត់ លោក កែវ អូម៉ាលីស អគ្គនាយករដ្ឋបាលព្រៃឈើ ក៏ត្រូវបានចោទប្រកាន់ក្នុងដីកានេះដែរ ប៉ុន្តែនៅតែមានសេរីភាពនៅកម្ពុជា។
ព្រឹត្តិការណ៍ទាំងនេះបានធ្វើឲ្យមានការសង្ស័យរឹតតែជ្រៅ ទៅលើការនាំចេញស្វារបស់កម្ពុជា។ វាក៏បានលើកឡើងសំនួរថ្មីៗផងដែរ អំពីតួនាទីរបស់មន្ទីរពិសោធន៍របស់សហរដ្ឋអាមេរិក ដែលអាចនឹងដើរតួក្នុងការរត់ពន្ឋឡើងវិញ នូវសត្វដែលចាប់បានពីព្រៃ តាមរយៈការនាំចេញសំណាកសត្វទាំំងនោះ។
«ប្រសិនបើសហរដ្ឋអាមេរិកកំពុងនាំចេញសត្វស្វារស់ ឬសំណាកសត្វ ដែលនាំចូលពីប្រទេសកម្ពុជា នោះច្បាស់ណាស់ មាននូវការព្រួយបារម្ភអំពីប្រភពដើម ថាតើពួកវាអាចត្រូវបានគេចាប់បានពីព្រៃ ឬយ៉ាងណា។ វាមានផលវិបាកសម្រាប់រាល់ពាណិជ្ជកម្មណាដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ក៏ដូចជាការនាំចូល និងនាំចេញសត្វស្វាសម្រាប់ការស្រាវជ្រាវ»។ អ្នកស្រី Kite បាននិយាយ។
សត្វស្វានៅចំកណ្តាល៖ ខ្សែសង្វាក់ផ្គត់ផ្គង់សំណាកសត្វ
ការកើនឡើង និងប្រាក់ចំណេញនៃការធ្វើពាណិជ្ជកម្មបន្តផ្ទាល់ ជារឿយៗគ្របដណ្តប់លើទីផ្សារសំណាក ដែលពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់សត្វស្វារបស់កម្ពុជា។
លោក Nedim Buyukmihci សាស្ត្រាចារ្យពេទ្យសត្វមកពីសាកលវិទ្យាល័យ California-Davis ដែលបានចុះផ្សាយការស្រាវជ្រាវកាលពីឆ្នាំ២០២៣ ស្តីពីសុខុមាលភាពសត្វនៅក្នុងបន្ទប់ពិសោធន៍ បាននិយាយថា «មែនទែនទៅ វាមិនមានភាពខុសប្លែកគ្នាទេ រវាងការជួញដូរទាំងពីរបែបនេះ។ ដើម្បីទទួលបានសំណាកសត្វ គេត្រូវតែមានសត្វរស់នៅកន្លែងណាមួយ។ គេមិនដែលបង្កាត់សត្វ នៅក្នុងបំពង់សាកល្បងវិទ្យាសាស្ត្ត្រទេ។ អ្នកទទួលបានផលប៉ះពាល់ដូចគ្នា ទៅនឹងការធ្វើពាណិជ្ជកម្មផ្ទាល់»។
ដូចនៅក្នុងពាណិជ្ជកម្មផ្ទាល់ដែរ CITES តាមដានការនាំចូល និងនាំចេញសំណាកសត្វទាំងនេះ ដែលត្រូវបានកំណត់ឈ្មោះជាផ្លូវការថាជា «ផ្នែកណាមួយដែលអាចស្គាល់បាន» នៃសត្វ។ ទិន្នន័យទាំងនោះកម្របញ្ជាក់ផ្នែកនីមួយៗ នៃសត្វស្វាណាស់។ លោក Buyukmihci ដែលជាអ្នកបង្កើតសមាគមបសុពេទ្យដើម្បីសិទ្ធិសត្វ បាននិយាយថា របៀបដែលគេប្រើដើម្បីវាស់ស្ទង់សំណាកទាំងនោះ ផ្តល់តម្រុយថាវា[សំណាក]ជាផ្នែកណាមួយនៃសត្វស្វា។
សំណាកដែលបានកត់ត្រាជាទម្រង់បរិមាណ (volume) ជាធម្មតាជាវត្ថុរាវ ដែលគាត់និយាយថាទំនងជាឈាម ឬសារធាតុរាវក្នុងឆ្អឹងខ្នង។ ចំនែកសំណាកដែលបានកត់ត្រាជាទម្រង់ម៉ាស(mass) គឺប្រហែលជាសរីរាង្គ ដូចជាខួរក្បាល ថ្លើម ឬសាច់ដុំ។
សត្វស្វាកន្ទុយវែងត្រូវបានចាត់ទុកថា ជាសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតនៅលើពិភពលោក ដោយសារតែការប្រើប្រាស់របស់វានៅក្នុងការស្រាវជ្រាវជីវវេជ្ជសាស្ត្រ។ កាលពីខែកក្កដាឆ្នាំមុន ប្រភេទសត្វនេះត្រូវបានចុះបញ្ជីពី «ងាយរងគ្រោះ» ទៅ «ជិតផុតពូជ» នៅក្នុងបញ្ជីក្រហមនៃប្រភេទសត្វរងការគំរាមកំហែង ដែលបានលើកឡើងពី «ការប្រើប្រាស់ជីវសាស្រ្ត» ជាការគំរាមកំហែងដ៏សំខាន់មួយ។ រូបថតដោយ Anton L. Delgado សម្រាប់ Southeast Asia Globe។
អ្នកស្រី Kite ដែលធ្លាប់គ្រប់គ្រងការស៊ើបអង្កេតសម្ងាត់នៅក្នុងមន្ទីរពិសោធន៍ស្វា បាននិយាយថា «ប្រសិនបើយើងសម្លឹងមើលប្រភពដើមពិតប្រាកដ ដែលផ្នែករាងកាយទាំងនេះបានមកនោះ វាពិតជាលំបាកណាស់ក្នុងការដឹងថា តើមានសត្វស្វាចំនួនប៉ុន្មានក្បាលនៅក្នុងការជួញដូរនោះ»។ អ្នកស្រីបានសន្និដ្ឋានចំនួនសត្វស្វារស់ ជាប់ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសំណាកសត្វនេះ «អាចមានចំនួនច្រើន»។
ក្នុងរយៈពេល ៤ឆ្នាំ ដែលព្រះរាជអាជ្ញានិយាយថា សត្វស្វាព្រៃ ត្រូវបានគេជួញដូរទៅសហរដ្ឋអាមេរិក ក្រោមការធ្វើពាណិជ្ជកម្មស្របច្បាប់ មន្ទីរពិសោធន៍នៅទីនោះ បានដើរតួជាអ្នកផ្គត់ផ្គង់[បន្ត] សំណាកសត្វស្វាពីកម្ពុជាដ៏សំខាន់ សម្រាប់បណ្តាប្រទេសនៅទូទាំងលោកខាងលិច។
នេះជាការធ្វើពាណិជ្ជកម្មដើម្បីរកប្រាក់ចំណេញ ប៉ុន្តែវាមិនច្បាស់ថា ប្រាក់ចំណេញនោះ មានទំហំធំប៉ុនណាទេ។
យោងតាមទិន្នន័យពាណិជ្ជកម្មរបស់ CITES អ៊ីតាលីបាននាំចូលសំណាកចំនួនជិត ៤១,០០០សំណាក ជាចំនួនច្រើនជាងគេ តាមការនាំចេញដ៏ធំចំនួនពីរ ក្នុងឆ្នាំ ២០២០ និង ២០២១។ គ្មានឯកតានៃការវាស់វែងណាមួយ ត្រូវបានគេកត់សម្គាល់ទេ។
ត្បិតមិនមែនជាអ្នកនាំចូលច្រើន បើគិតតាមចំនួនដង ចក្រភពអង់គ្លេស ជាប្រទេសដែលនាំចូលញឹកញាប់បំផុត ជាមួយនឹងការដឹកជញ្ចូនជិត ២០ដង ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។
ប្រទេសកាណាដាបាននាំយកសំណាកស្វា ប្រភពដើមពីកម្ពុជាជាង ២៦ ៥០០មីលីលីត្រ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ ដែលជាបរិមាណធំជាងប្រទេសដទៃទៀត ដែលធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ក្នុងរយៈពេលដូចគ្នានោះ ជាលើកដំបូងដែលត្រូវបានកត់ត្រាដោយ CITES កាណាដាក៏បាននាំចូលសត្វស្វារស់ជាង ២ ០០០ក្បាល ដោយផ្ទាល់ពីប្រទេសកម្ពុជាផងដែរ។ លើសពីនោះ មន្ទីរពិសោធន៍កាណាដាបានទិញសត្វស្វារស់ចំនួន ១៥៩ក្បាល បន្ថែមទៀតពីសហរដ្ឋអាមេរិក ដែលមានដើមកំណើតមកពីប្រទេសកម្ពុជា។
លោក Daan Van Uhm សាស្ត្រាចារ្យផ្នែកឧក្រិដ្ឋកម្មនៅសាកលវិទ្យាល័យ Utrecht ប្រទេសហូឡង់ ដែលបានសិក្សាអំពីការនាំចូលស្វារបស់សហភាពអឺរ៉ុប បាននិយាយថា «តាមទស្សនៈរបស់អ្នកប្រើប្រាស់ វាពិបាកណាស់ ក្នុងការចោទសួរពីភាពស្របច្បាប់នៃសត្វជាក់លាក់មួយ បើមើលតែលើឯកសារ។ នេះគឺជាទំនួលខុសត្រូវប្រទេសដើមច្រើនជាង … ដើម្បីស្វែងយល់ពីភាពស្របច្បាប់នៃពាណិជ្ជកម្ម»។
ជុំវិញពាណិជ្ជកម្មស្វា៖ ការបង្កាត់ និងកសិដ្ឋាននៅកម្ពុជា
ដោយសារកម្ពុជានាំមុខទីផ្សារស្វាពិភពលោក ការចោទប្រកាន់ដ្ឋាភិបាល និងកសិដ្ឋានស្វាដ៏ធំបំផុតរបស់ប្រទេស បានធ្វើឱ្យមានការសង្ស័យលើសង្វាក់ពាណិជ្ជកម្មទាំងមូល។
មន្ត្រីរដ្ឋាភិបាលបានបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់អំពើពុករលួយនេះ។
ជាទូទៅ អង្គការឃ្លាំមើល ដូចជាអង្គការតម្លាភាពអន្តរជាតិ បានរកឃើញថា អំពើពុករលួយជាជំងឺរាតត្បាតនៅកម្ពុជាជាយូរណាស់មកហើយ ដោយជាប្រចាំ ស្ថិតក្នុងចំណោមចំណាត់ថ្នាក់ចុងតារាងនៅលើ «សន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយប្រចាំឆ្នាំ» របស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ការកើនឡើងនៃការនាំចេញស្វា បានធ្វើឱ្យអ្នកស្រាវជ្រាវភ្ញាក់ផ្អើល។ ការរកឃើញនៃការសិក្សាឆ្នាំ ២០២៣ បង្ហាញពីភាពមិនគួរឱ្យជឿ ដែលថាប្រទេសកម្ពុជា កំពុងបំពេញតម្រូវការទីផ្សារ ដោយស្របច្បាប់។
លោក Chaber អ្នកនិពន្ធជាន់ខ្ពស់នៃការសិក្សានេះ រួមជាមួយនឹងអ្នកស្រាវជ្រាវផ្សេងទៀត មកពីសាកលវិទ្យាល័យ Adelaide បាននិយាយថា «ការស្រាវជ្រាវរបស់យើង កំពុងសួរសំណួរច្រើនជាងការផ្តល់ចម្លើយ។ យើងកំពុងសួរថា តើការជួញដូរស្របច្បាប់នេះ គឺជាចន្លោះប្រហោង សម្រាប់ពាណិជ្ជកម្មខុសច្បាប់មែនទេ? យើងផ្តល់នូវធាតុផ្សំនៃចម្លើយនេះ ព្រោះតួរលេខដែលផ្តល់ឲ្យ CITES មិនត្រូវគ្នានឹងសមត្ថភាពកសិដ្ឋាន[បង្កាត់ស្វា] របស់កម្ពុជា»។
ទន្ទឹមនឹងក្តីកង្វល់ផ្នែកច្បាប់ទាំងនេះ លោក Chaber ក៏បានចង្អុលបង្ហាញអំពីហានិភ័យ ដែលអាចមានចំពោះសុខមាលភាពសាកល នៃការលាយសត្វស្វាចាប់ពីព្រៃ ជាមួយសត្វស្វាដែលបង្កាត់។ នៅពេលដែលមានការចាប់ផ្តើមនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលតភ្ជាប់ប្រទេសជាច្រើន ការផ្ទុះជំងឺនៅក្នុងកសិដ្ឋានធំដូច Vanny Bio Research អាចមានផលវិបាកជាអន្តរជាតិ។
ឯកសារសាធារណៈតែមួយគត់ ដែលមានព័ត៌មានអំពីកន្លែងបង្កាត់ពូជក្នុងប្រទេស គឺជាលិខិតបែកធ្លាយឆ្នាំ ២០១៤ ពីអាជ្ញាធរគ្រប់គ្រង CITES នៅកម្ពុជា ដែលត្រូវបានដឹកនាំដោយ លោក អូម៉ាលីស ដែលត្រូវបានចោទប្រកាន់។
លិខិតនោះបានបញ្ជាក់ថា កសិដ្ឋានស្វាកំពុងប្រតិបត្តិការទាំងប្រាំមួយ របស់ប្រទេសកម្ពុជា មានសត្វស្វាសរុបចំនួនជិត ៥៦,០០០ ក្បាលក្នុងឆ្នាំ ២០១៤ ដែលជាឆ្នាំដែលព្រះរាជាណាចក្រកម្ពុជា បាននាំចេញបានចំនួនប្រហែល ៥ ០០០ក្បាល ប៉ុណ្ណោះ។
ដោយផ្អែកលើចំនួនទាំងនេះ អ្នកស្រាវជ្រាវបានគណនាថា កសិដ្ឋាននឹងត្រូវការបង្កាត់ពូជស្ទើរតែទ្វេដង អោយដល់ចំនួនប្រហែល ១០៣ ០០០ក្បាល ដើម្បីអាចនាំចេញប្រហែល ៣៣, ០០០ក្បាល នៅឆ្នាំ២០២០។
ពួកគេបាននិយាយថា នោះទំនងជាការប៉ាន់ប្រមាណរបស់ក្រុមអភិរក្ស ដោយផ្អែកលើកត្តារួម ទាំងអត្រាការស្លាប់របស់ស្វា និងអត្រាមានកូនរបស់ពួកវា។
« មើលឃើញការកើនឡើងក្នុងរយៈពេលខ្លីបែបនេះ វាស្ទើរតែភ្ញាក់ផ្អើលដល់ចំណុចដែលអ្នកស្ទើរតែត្រូវសួរ៖ ប្រសិនបើវាជាការពិត ពួកគេកំពុងធ្វើអ្វីមួយមិនគួរឲ្យជឿ។ ហើយប្រសិនបើវាមិនមែនជាការពិតទេ នោះពួកគេកំពុងធ្វើអ្វីមួយដែលគួរឱ្យសង្ស័យ»។ អ្នកស្រី Regina Warne អ្នកដឹកនាំការស្រាវជ្រាវបាននិយាយ។
បន្ថែមទៅលើការសង្ស័យរបស់អ្នកស្រាវជ្រាវ គឺរបៀបដែលកសិដ្ឋានធ្វើការនាំចេញ ក្នុងទំហំទ្វេដងក្រោយឆ្នាំ២០១៩ នៅពេលដែលសត្វស្វាតិចជាង ១៤,០០០ក្បាល ត្រូវបានជួញដូរ។ យោងតាមទិន្នន័យរបស់ CITES កម្ពុជារក្សាបាននូវកម្រិតខ្ពស់នៃការនាំចេញនេះក្នុងឆ្នាំ ២០២១ ដោយបានជួញដូរសត្វស្វាចំនួន ៣១,០០០ក្បាល។
អ្នកស្រី Warne បាននិយាយថា «ការធ្វើការគណនាទាំងនេះ ត្រូវការពេលយូរ និងស្មុគ្រស្មាញ ដើម្បីទៅដល់តួលេខ ដែលអាចផ្តល់ឱ្យយើងនូវចម្លើយ។ វាមានសារៈសំខាន់ណាស់ក្នុង ការបង្កើតអោយចេញនូវរូបភាពទាំងមូល ដើម្បីអាចជំរុញថាតើបញ្ហានេះមានសារៈសំខាន់យ៉ាងណា។»
មិនមែនជាស្វារបស់ខ្លួន ក៏មិនមែនជាបញ្ហារបស់ខ្លួន៖ ការជួញដូរនៅតែបន្ត ពេលដែលការសង្ស័យកាន់តែជ្រៅ
វាមិនច្បាស់ទេថាតើការផ្លាស់ប្តូរគោលនយោបាយឬ បទប្បញ្ញត្តិជាក់ស្តែង បានកើតឡើង នៅតាមកសិដ្ឋានរបស់ប្រទេសកម្ពុជាឬយ៉ាងណា។
លោក ណៅ ធួក ប្រធានអាជ្ញាធរគ្រប់គ្រង CITES ថ្មីនៅកម្ពុជា បានសរសេរក្នុងអ៊ីមែលមកកាន់ Southeast Asia Globe ថា «យើងនឹងចាត់វិធានការតឹងរ៉ឹងជាងមុន ដើម្បីធ្វើឱ្យប្រាកដថា កសិដ្ឋានទាំងអស់អនុវត្តតាមច្បាប់ជាតិ ក៏ដូចជាតម្រូវការរបស់ខាង CITES»។
គាត់បានសរសេរថា វិធានការទាំងនោះ នឹងរួមបញ្ចូល «ការត្រួតពិនិត្យសម្ភារៈបរិក្ខារ» ក៏ដូចជាធ្វើឱ្យប្រាកដថាសត្វស្វា «កើតនៅក្នុងកសិដ្ឋាន» ហើយមិនត្រូវបានគេសង្ស័យថា ត្រូវបានគេចាប់សត្វព្រៃនោះទេ។
Vanny Bio Research គឺជាអ្នកផ្គត់ផ្គង់សត្វស្វាកន្ទុយវែងដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមគ្របដណ្តប់ទីផ្សារពិភពលោក សម្រាប់សត្វប្រភេទនេះ បន្ទាប់ពីការផ្ទុះឡើងនៃ កូវីដ ១៩ អស់រយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ កាលពីខែវិច្ឆិកា បុគ្គលិកចំនួនប្រាំមួយនាក់ ត្រូវបានចោទប្រកាន់ពីបទជួញដូរសត្វព្រៃ។ រូបថតដោយ Anton L. Delgado សម្រាប់ Southeast Asia Globe។
ទាំងនេះគឺជាតម្រូវការអនុវត្តមូលដ្ឋាន ដែលកំណត់ដោយ CITES ។ ប្រសិនបើរដ្ឋបាលព្រៃឈើចាត់ទុកវិធានការទាំងនេះជាវិធានការថ្មី គេមិនច្បាស់ថា មានវិធានការធ្វើអ្វីខ្លះទេចាប់តាំងពី Vanny Bio Research ត្រូវបានដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០០៤។
ខណៈពេលដែលការគ្រប់គ្រងអាចមិនមានការផ្លាស់ប្តូរ ការពិភាក្សាអំពីការចោទប្រកាន់ ឬឧស្សាហកម្មស្វារបស់កម្ពុជា បានក្លាយជាប្រធានបទក្ដៅ ក្នុងចំណោមអ្នកអភិរក្សសត្វព្រៃ។
តំណាងមកពី សមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society) សម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិប្រចាំកម្ពុជា (Fauna Fauna & Flora International) អង្គការអភិរក្សអន្តរជាតិ (Conservation International) និងអង្គការ WWF-Greater Mekong ទាំងអស់ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើប្រធានបទនេះទេ ដោយចង្អុលទៅភាពរសើបនៃនយោបាយ។ WWF ប្រចាំកម្ពុជាបាននិយាយ ប៉ុន្តែមិនច្រើនទេ។
ការិយាល័យនេះបានសរសេរមកកាន់ Globe ថា «ការជួញដូរសត្វព្រៃនៅតែជាឧក្រិដ្ឋកម្មធំដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ កម្ពុជាជាភាគី ដែលបានផ្តល់សច្ចាប័នពី CITES។ ដូច្នេះការជួញដូរ និងរត់ពន្ឋសត្វខុសច្បាប់ គឺផ្ទុយនឹងច្បាប់»។
រាយការណ៏បន្ថែមដោយ ឡាយ សុផាន់ណា
អត្ថបទនេះត្រូវបានផលិតឡើងដោយសហការជាមួយ Kontinentalist ដោយមានការគាំទ្រពី បណ្តាញស៊ើបអង្កេតព្រៃទឹកភ្លៀង របស់មជ្ឈមណ្ឌល Pulitzer ។