ការ​ចោទ​ប្រកាន់​ពីបទ​អំពើ​ពុក​រលួយ​ ក្នុង​កសិដ្ឋាន​សត្វ​ស្វា​នៅ​កម្ពុជា បន្សល់នូវដាន​ជួញ​ដូរ​សត្វ​ព្រៃ​ជា​សកល

របង​ស្រោប​ដោយ​បន្លាលលួសបានហ៊ុមបរិវេណ​ក្រុមហ៊ុន Vanny Bio Research ក្នុង​ប្រទេស​កម្ពុជា ដែលបិទបាំង​ប្រតិបត្តិការ​បង្កាត់​ពូជ​សត្វ​ព្រៃ​នៅ​ក្នុង​នោះ។

មានផ្លាកសញ្ញាស្វាគមន៍មួយត្រូវបានបិតនៅក្បែរច្រកទ្វារធំរបស់កសិដ្ឋាននេះ និងត្រូវបានគេសរសេរថា «មិនទទួលយកការសម្ភាសពីស្ថាប័នសារព័ត៌មានណាមួយឡើយ»។

ម្ចាស់កសិដ្ឋាន ​អ្នក​គ្រប់​គ្រង​កន្លែង​នេះ ព្រម​ទាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចំនួនពីរ​រូប ​ត្រូវ​បាន​ព្រះរាជអាជ្ញា​សហរដ្ឋ​អាមេរិក ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​សត្វ​ព្រៃ ​កាល​ពី​ខែ​វិច្ឆិកា។

តាមរយះឯកសាររបស់តុលាការសហព័ន្ធ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា «បណ្តាញរត់ពន្ធសត្វព្រៃអន្តរជាតិ» នេះ បានប្រើប្រាស់រូបភាពមួយ ដែលស្ថិតក្រោមការជួញដូរស្របច្បាប់ទៅលើសត្វស្វាទុកសម្រាប់បង្កាត់ពូជ ជាហេតុផលក្នុងការរត់ពន្ធសត្វស្វាដែលបានចាប់ពីព្រៃរាប់ពាន់ក្បាល ទៅមន្ទីរពិសោធន៍របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលយ៉ាងតិចបួនឆ្នាំ។ ឧស្សាហកម្មស្របច្បាប់ដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ ផ្ដោតខ្លាំងទៅលើប្រភេទសត្វស្វាកន្ទុយវែង ទុកសម្រាប់ធ្វើការពិសោធផ្នែកវេជ្ជសាស្រ្ត។

អ្នកស្រី Sarah Kite សហស្ថាបនិកនៃអង្គការ Action for Primates បាននិយាយថា «ប្រទេសអាមេរិចគឺជាចំនុចកណ្ដាល នៃពាណិជ្ជកម្មពិភពលោក ទាក់ទងនឹងការប្រើប្រាស់សត្វស្វាសម្រាប់ការស្រាវជ្រាវ។ អ្វីៗដែលកើតឡើងនៅក្នុងរង្វង់ពាណិជ្ជកម្មនាំចូល និងនាំចេញរបស់អាមេរិក នឹងមានផលប៉ះពាល់លើសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក។”

ភាពលេចធ្លោរបស់កម្ពុជាលើពាណិជ្ជកម្មនេះ ដែលបានកើនឡើងកំឡុងពេលជំងឺរាតត្បាតកូវីដ ​១៩ ធ្វើឱ្យអ្នកស្រាវជ្រាវមានការងឿងឆ្ងល់ និងចាប់ផ្ដើមមើលទៅលើអាជីវកម្មជួញដូរសត្វស្វាដ៏ស្រពិចស្រពិលរបស់ប្រទេសកម្ពុជា។ ក្រៅពីផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងចំនួនសត្វស្វាព្រៃដែលថយចុះ អ្នកជំនាញបសុសាស្ត្រនិយាយថា ការលាយលំនូវសត្វ ដែលចាប់ចេញមកពីព្រៃ ជាមួយសត្វចិញ្ចឹមក្នុងកសិដ្ឋាន អាចបង្កហានិភ័យដល់សុខភាពសាធារណៈជាសាកល ដោយវាអាចនាំយកជំងឺ ចម្លងទៅមន្ទីរពិសោធន៍បរទេស។

យោងតាមទិន្នន័យពាណិជ្ជកម្ម សហរដ្ឋអាមេរិកបាននាំចូលសត្វស្វារស់ច្រើនជាងគេ ពីប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ ដែលត្រូវបានគេចោទប្រកាន់ថា មានសត្វស្វាសរុបចំនួន​​ ៧០,​០០០ ក្បាល។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា មានស្វាប៉ុន្មានក្បាល ត្រូវបានគេយកចេញពីព្រៃនោះទេ ប៉ុន្តែព្រះរាជអាជ្ញាបានបង្ហើបថា មានចំនួនដល់ទៅរាប់ពាន់ក្បាលឯណោះ។

សត្វដែលត្រូវបានជួញដូរក្នុងតួរលេខមិនច្បាស់លាស់ សហរដ្ឋអាមេរិកគ្រាន់តែជាទីតាំង ទទួលចែកចាយបន្តតែប៉ុណ្ណោះ។ នោះក៏ព្រោះតែមន្ទីរពិសោធន៍នៅទីនោះ តែងតែធ្វើកោសល្យវិច័យសត្វស្វានាំចូលមកពីប្រទេសកម្ពុជា ដើម្បីនាំចេញបន្តនូវតួខ្លួនរបស់សត្វស្វារាប់រាយ ទៅកាន់ប្រទេសកាណាដា និងទូទាំងទ្វីបអឺរ៉ុប។

សកម្មភាពនេះអាចជម្រុញនូវសកម្មភាពខុសច្បាប់ ដែលអាចកើតមាន នៅក្នុងពាណិជ្ជកម្មជួញដូរនូវសត្វប្រភេទនេះ ដោយសត្វស្វាមួយក្បាលទំនងជាត្រូវបានគេកាត់ជាដុំៗ ចាប់តាំងពីឈាម រហូតដល់ខួរក្បាលរបស់ពួកវា សម្រាប់ធ្វើការពិសោធន។ ទោះមិនទាន់ប្រាកដ មន្ទីរពិសោធន៍ដែលនាំចេញសំណាកទាំងនេះឡើងវិញ អាចជាការជួញដូរបន្ត នូវសត្វស្វាដែលចាប់ពីព្រៃក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដែលអាចឱ្យអ្នកនាំចូល អាចមើ​លរំលង អំពើពុករលួយដែលត្រូវបានចោតប្រកាន់។

«នេះមិនមែនគ្រាន់តែជាបញ្ហាក្នុងស្រុកទេ ព្រោះនេះជាពាណិជ្ជកម្មអន្តរជាតិ។ ដោយ​សារតែ​ហានិភ័យ​ដែលស្តែងចេញពីសកម្មភាពទាំងនេះ វាជា​ក្តីបារម្ភរបស់ពិភពលោកតែម្តង​»​ អ្នកស្រី Anne-Lise Chaber ជា​អ្នក​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ​ និង​ជា​សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ Adelaide របស់​ប្រទេស​អូស្ត្រាលី​ បានលើកឡើង។ ថ្មីៗនេះអ្នកស្រី​ទើប​តែ​បាន​ចេញ​ផ្សាយ​ការ​សិក្សា​មួយ​ស្តី​ពី​ពាណិជ្ជកម្មជួញដូរ​សត្វ​ស្វា​។ 

អ្នកស្រីបានបន្ថែមថា «ពិភពលោកប្រៀបបីដូចជាភូមិមួយ។ ជំងឺកូវីដ១៩ ​បាន​បង្ហាញ​ឱ្យយើងដឹងថា ប្រសិន​បើ​អ្នក​មាន​ជំងឺ​មួយ ដែលកំពុង​កើត​ឡើង ដូចជានៅ​ក្នុង​ប្រទេស​មួយ​ដូច​ជា​ប្រទេស​កម្ពុជា នោះមានន័យថា ឱកាស​នៃ​ការ​រីក​រាល​ដាល​ជុំវិញ​ពិភពលោក គឺមានកម្រិត​ខ្ពស់​ណាស់»។

អាជីវកម្មសត្វស្វា៖ ការជួញដូរសត្វព្រៃពិភពលោក ក្នុងតម្លៃរាប់ពាន់លានដុល្លារ

សត្វស្វាកន្ទុយវែង គឺជាពូជសត្វដែលមានការជួញដូរច្រើនបំផុត អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារតែតម្រូវការប្រើប្រាស់ពួកវា ក្នុងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ។

ការពិសោធផ្នែកវេជ្ជសាស្ត្រ ដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ១,២៥  ពាន់លានដុល្លារ ត្រូវបានត្រួតពិនិត្យដោយអនុសញ្ញាពាណិជ្ជកម្ម របស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា CITES (សាយតេស) ដែលផ្តល់ភាពស្របច្បាប់ដល់ពាណិជ្ជកម្មតាមរយៈប្រព័ន្ធអនុញ្ញាត បទបញ្ជាសុខុមាលភាពសត្វ តម្រូវការបង្កាត់ពូជ និងច្បាប់ផ្សេងៗទៀត។ ប៉ុន្តែប្រព័ន្ធដែលមានអាយុកាលជិត ៥០ឆ្នាំនេះ បែរមានឈ្មោះមិនសូវល្អ ទាក់ទងចន្លោះប្រហោងផ្លូវច្បាប់ និងកង្វះខាតទិន្នន័យ។

ខណៈពេលដែលប្រទេសកម្ពុជា បានបង្កាត់សត្វស្វាអស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងការនាំចេញលើកដំបូងទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥ ប្រទេសនេះ បានបង្វែរទីផ្សារក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។

ការផ្ទុះឡើងនៃកូវីដ១៩ នាំឱ្យមានការរីកដុះដាលនៃការនាំចូល និងការនាំចេញជាសាកល ខណៈដែលប្រទេសនានា កំពុងប្រជែងគ្នាដើម្បីបង្កើតវ៉ាក់សាំង។ កាល​ពី​ខែ​កក្កដា សត្វ​ស្វា​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ពី «ងាយ​រងគ្រោះ» ទៅ «ជិត​ផុត​ពូជ» ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទសត្វ​រង​ការ​គំរាម​កំហែង ដែល​បាន​លើក​ឡើង​ពី «ការ​ប្រើ​ប្រាស់​ជីវសាស្ត្រ» ជា​ការកត្តា​គំរាម​កំហែង​សំខាន់។

កម្ពុជាបានជួញដូរសត្វស្វារស់ជាង ៣៣ ០០០ក្បាល ក្នុងឆ្នាំ ២០២០ ដែលច្រើនជាងពាក់កណ្តាល នៃការជួញដូរសត្វស្វាពិភពលោក ដែលបានកត់ត្រានៅឆ្នាំនោះ។ ក្នុងចំណោម​ស្វា១០​ក្បាល​​ ប្រមាណ​ ៧​ក្បាល​ បញ្ចូនចូល​សហរដ្ឋអាមេរិក​។

ក្រុមហ៊ុន Vanny Bio Research ដែលត្រូវបានចោទប្រកាន់ គឺជាអ្នកនាំចេញសត្វស្វាដ៏ធំបំផុតរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែ ការចេញផ្សាយជាសាធារណៈរបស់ក្រុមហ៊ុន បានបដិសេធយ៉ាងខ្លាំងទៅលើការចោតប្រកាន់នានា។ បើយោងតាមទិន្នន័យដែលចេញផ្សាយដោយប្រធានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា កសិដ្ឋាននេះបាននាំចេញសត្វស្វារស់ជាង ៤០​,៧០០​ក្បាល ទៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២។

ការចោទប្រកាន់ខែវិច្ឆិកា  កើតឡើងបន្ទាប់ពីការចាប់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា ដែលអនុវត្តដោយ CITES ក្នុងប្រទេស នៅសហរដ្ឋអាមេរិក ពីបទជួញដូរសត្វព្រៃ។ អ្នកស្រី Kite ចាត់ទុកថាវាជា «សោកនាដកម្មដ៏ហួសចិត្ត» ។

នៅពេលនោះ លោក គ្រី មះផល អនុប្រធានផ្នែកសត្វព្រៃ និងជីវចម្រុះ កំពុងធ្វើដំណើរទៅកាន់កិច្ចប្រជុំអន្តរជាតិមួយ អំពីបទប្បញ្ញត្តិពាណិជ្ជកម្ម​ សម្រាប់ប្រភេទសត្វជិតផុតពូជ។  ថ្នាក់លើរបស់គាត់ លោក កែវ អូម៉ាលីស អគ្គនាយករដ្ឋបាលព្រៃឈើ ក៏ត្រូវបានចោទប្រកាន់ក្នុងដីកានេះដែរ ប៉ុន្តែនៅតែមានសេរីភាពនៅកម្ពុជា។

ព្រឹត្តិការណ៍​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មានការ​សង្ស័យ​រឹតតែ​ជ្រៅ ​ទៅ​លើ​ការ​នាំ​ចេញ​ស្វារបស់​កម្ពុជា។ វាក៏បានលើកឡើងសំនួរថ្មីៗផងដែរ អំពីតួនាទីរបស់មន្ទីរពិសោធន៍របស់សហរដ្ឋអាមេរិក ដែលអាចនឹងដើរតួក្នុងការរត់ពន្ឋឡើងវិញ នូវសត្វដែលចាប់បានពីព្រៃ តាមរយៈការនាំចេញសំណាកសត្វទាំំងនោះ។

«ប្រសិនបើសហរដ្ឋអាមេរិកកំពុងនាំចេញសត្វស្វារស់ ឬសំណាកសត្វ ដែលនាំចូលពីប្រទេសកម្ពុជា នោះច្បាស់ណាស់ មាននូវការព្រួយបារម្ភអំពីប្រភពដើម ថាតើពួកវាអាចត្រូវបានគេចាប់បានពីព្រៃ ឬយ៉ាងណា។ វាមាន​ផល​វិបាក​សម្រាប់​រាល់ពាណិជ្ជកម្ម​ណា​​ដែល​ពាក់​ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក ក៏ដូចជាការ​នាំ​ចូល និង​នាំ​ចេញ​សត្វ​ស្វា​សម្រាប់​ការ​ស្រាវជ្រាវ»។ អ្នកស្រី Kite បាននិយាយ។

សត្វស្វានៅចំកណ្តាល៖ ខ្សែសង្វាក់ផ្គត់ផ្គង់សំណាកសត្វ

ការកើនឡើង និងប្រាក់ចំណេញនៃការធ្វើពាណិជ្ជកម្មបន្តផ្ទាល់ ជារឿយៗគ្របដណ្តប់លើទីផ្សារសំណាក ដែលពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់សត្វស្វារបស់កម្ពុជា។

លោក Nedim Buyukmihci សាស្ត្រាចារ្យពេទ្យសត្វមកពីសាកលវិទ្យាល័យ California-Davis ដែលបានចុះផ្សាយការស្រាវជ្រាវកាលពីឆ្នាំ២០២៣ ស្តីពីសុខុមាលភាពសត្វនៅក្នុងបន្ទប់ពិសោធន៍ បាននិយាយថា «មែនទែនទៅ វាមិនមានភាពខុសប្លែកគ្នាទេ រវាងការជួញដូរទាំងពីរបែបនេះ។​ ដើម្បីទទួលបានសំណាកសត្វ គេត្រូវតែមានសត្វរស់នៅកន្លែងណាមួយ។ គេមិនដែលបង្កាត់សត្វ នៅក្នុងបំពង់សាកល្បងវិទ្យាសាស្ត្ត្រទេ។ អ្នក​ទទួល​បាន​ផល​ប៉ះ​ពាល់​ដូច​គ្នា​ ទៅនឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​​ផ្ទាល់»។

ដូចនៅក្នុងពាណិជ្ជកម្មផ្ទាល់ដែរ CITES តាមដានការនាំចូល និងនាំចេញសំណាកសត្វទាំងនេះ ដែលត្រូវបានកំណត់​ឈ្មោះជាផ្លូវការថាជា «ផ្នែកណាមួយដែលអាចស្គាល់បាន» នៃសត្វ។ ទិន្នន័យទាំងនោះកម្របញ្ជាក់ផ្នែកនីមួយៗ នៃសត្វស្វាណាស់។ លោក Buyukmihci ដែលជាអ្នកបង្កើតសមាគមបសុពេទ្យដើម្បីសិទ្ធិសត្វ បាននិយាយថា របៀបដែលគេប្រើដើម្បីវាស់ស្ទង់សំណាកទាំងនោះ ផ្តល់តម្រុយថាវា[សំណាក]ជាផ្នែកណាមួយនៃសត្វស្វា។

សំណាក​ដែល​បាន​កត់ត្រា​ជាទម្រង់បរិមាណ (volume) ជា​ធម្មតា​ជា​វត្ថុ​រាវ ដែល​គាត់​និយាយ​ថា​ទំនង​ជា​ឈាម ឬ​សារធាតុរាវ​ក្នុងឆ្អឹងខ្នង។ ចំនែកសំណាកដែលបានកត់ត្រាជាទម្រង់ម៉ាស(mass) គឺប្រហែលជាសរីរាង្គ ដូចជាខួរក្បាល ថ្លើម ឬសាច់ដុំ។

សត្វស្វាកន្ទុយវែងត្រូវបានចាត់ទុកថា ជាសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតនៅលើពិភពលោក ដោយសារតែការប្រើប្រាស់របស់វានៅក្នុងការស្រាវជ្រាវជីវវេជ្ជសាស្ត្រ។ កាលពីខែកក្កដាឆ្នាំមុន ប្រភេទសត្វនេះត្រូវបានចុះបញ្ជីពី «ងាយរងគ្រោះ» ទៅ «ជិតផុតពូជ» នៅក្នុងបញ្ជីក្រហមនៃប្រភេទសត្វរងការគំរាមកំហែង ដែលបានលើកឡើងពី «ការប្រើប្រាស់ជីវសាស្រ្ត» ជាការគំរាមកំហែងដ៏សំខាន់មួយ។ រូបថតដោយ Anton L. Delgado សម្រាប់ Southeast Asia Globe។

អ្នកស្រី Kite ដែលធ្លាប់គ្រប់គ្រងការស៊ើបអង្កេតសម្ងាត់នៅក្នុងមន្ទីរពិសោធន៍ស្វា បាននិយាយថា «ប្រសិនបើយើងសម្លឹងមើលប្រភពដើមពិតប្រាកដ ដែលផ្នែករាងកាយទាំងនេះបានមកនោះ វាពិតជាលំបាកណាស់ក្នុងការដឹងថា​ តើមានសត្វស្វាចំនួនប៉ុន្មានក្បាលនៅក្នុងការជួញដូរនោះ»។ អ្នកស្រីបាន​សន្និដ្ឋាន​ចំនួន​សត្វ​ស្វា​រស់​ ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​សំណាកសត្វនេះ «អាច​មាន​ចំនួន​ច្រើន»។

ក្នុងរយៈពេល ៤ឆ្នាំ ដែលព្រះរាជអាជ្ញានិយាយថា សត្វស្វាព្រៃ ត្រូវបានគេជួញដូរទៅសហរដ្ឋអាមេរិក ក្រោមការធ្វើពាណិជ្ជកម្មស្របច្បាប់​ មន្ទីរពិសោធន៍នៅទីនោះ បានដើរតួជាអ្នកផ្គត់ផ្គង់[បន្ត] សំណាកសត្វស្វាពីកម្ពុជាដ៏សំខាន់ សម្រាប់បណ្តាប្រទេសនៅទូទាំងលោកខាងលិច។

នេះ​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ដើម្បី​រក​ប្រាក់​ចំណេញ ប៉ុន្តែ​វា​មិន​ច្បាស់​ថា ​ប្រាក់​ចំណេញ​នោះ ​មាន​ទំហំធំ​ប៉ុនណា​ទេ។

យោងតាមទិន្នន័យពាណិជ្ជកម្មរបស់ CITES អ៊ីតាលីបាននាំចូលសំណាកចំនួនជិត ៤១,០០០សំណាក ជាចំនួនច្រើនជាងគេ តាមការនាំចេញដ៏ធំចំនួនពីរ ក្នុងឆ្នាំ ២០២០ និង ២០២១។ គ្មានឯកតានៃការវាស់វែងណាមួយ ត្រូវបានគេកត់សម្គាល់ទេ។

ត្បិតមិនមែនជាអ្នកនាំចូលច្រើន បើគិតតាមចំនួនដង ចក្រភពអង់គ្លេស ជាប្រទេសដែលនាំចូលញឹកញាប់បំផុត ជាមួយនឹងការដឹកជញ្ចូនជិត ២០ដង ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។

ប្រទេសកាណាដា​បាន​នាំ​យក​សំណាក​ស្វា ប្រភពដើម​ពីកម្ពុជា​ជាង ២៦ ៥០០​មីលីលីត្រ ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០១៩ ដែល​ជា​បរិមាណ​ធំ​ជាង​ប្រទេស​ដទៃ​ទៀត​ ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក។

ក្នុងរយៈពេលដូចគ្នានោះ ជាលើកដំបូងដែលត្រូវបានកត់ត្រាដោយ CITES កាណាដាក៏បាននាំចូលសត្វស្វារស់ជាង ២ ០០០ក្បាល ដោយផ្ទាល់ពីប្រទេសកម្ពុជាផងដែរ។ លើសពីនោះ មន្ទីរពិសោធន៍កាណាដាបានទិញសត្វស្វារស់ចំនួន ១៥៩ក្បាល បន្ថែមទៀតពីសហរដ្ឋអាមេរិក ដែលមានដើមកំណើតមកពីប្រទេសកម្ពុជា។

លោក Daan Van Uhm សាស្ត្រាចារ្យផ្នែកឧក្រិដ្ឋកម្មនៅសាកលវិទ្យាល័យ Utrecht ប្រទេសហូឡង់ ដែលបានសិក្សាអំពីការនាំចូលស្វារបស់សហភាពអឺរ៉ុប បាននិយាយថា «តាមទស្សនៈរបស់អ្នកប្រើប្រាស់ វាពិបាកណាស់ ក្នុងការចោទសួរពីភាពស្របច្បាប់នៃសត្វជាក់លាក់មួយ បើមើលតែលើឯកសារ។ នេះ​គឺ​ជា​​ទំនួល​ខុស​ត្រូវ​​ប្រទេស​ដើមច្រើនជាង … ដើម្បី​ស្វែងយល់​ពី​ភាព​ស្រប​ច្បាប់​នៃ​ពាណិជ្ជកម្ម»។

ជុំវិញពាណិជ្ជកម្មស្វា៖ ការបង្កាត់ និងកសិដ្ឋាននៅកម្ពុជា

ដោយសារកម្ពុជានាំមុខទីផ្សារស្វាពិភពលោក ការចោទប្រកាន់ដ្ឋាភិបាល និងកសិដ្ឋានស្វាដ៏ធំបំផុតរបស់ប្រទេស បានធ្វើឱ្យមានការសង្ស័យលើសង្វាក់ពាណិជ្ជកម្មទាំងមូល។

មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់ ​ចំពោះ​ការ​ចោទ​ប្រកាន់​អំពើ​ពុករលួយនេះ។

ជាទូទៅ អង្គការឃ្លាំមើល ដូចជាអង្គការតម្លាភាពអន្តរជាតិ បានរកឃើញថា អំពើពុករលួយជាជំងឺរាតត្បាតនៅកម្ពុជាជាយូរណាស់មកហើយ ដោយជាប្រចាំ ស្ថិតក្នុងចំណោមចំណាត់ថ្នាក់ចុងតារាងនៅលើ «សន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយប្រចាំឆ្នាំ» របស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ ការកើនឡើងនៃការនាំចេញស្វា បានធ្វើឱ្យអ្នកស្រាវជ្រាវភ្ញាក់ផ្អើល។ ការរកឃើញនៃការសិក្សាឆ្នាំ ២០២៣ បង្ហាញពីភាពមិនគួរឱ្យជឿ ដែលថាប្រទេសកម្ពុជា កំពុងបំពេញតម្រូវការទីផ្សារ ដោយស្របច្បាប់។

លោក Chaber អ្នកនិពន្ធជាន់ខ្ពស់នៃការសិក្សានេះ រួមជាមួយនឹងអ្នកស្រាវជ្រាវផ្សេងទៀត មកពីសាកលវិទ្យាល័យ Adelaide បាននិយាយថា «ការស្រាវជ្រាវរបស់យើង កំពុងសួរសំណួរច្រើនជាងការផ្តល់ចម្លើយ។ យើងកំពុងសួរថា តើការជួញដូរស្របច្បាប់​នេះ គឺជាចន្លោះប្រហោង សម្រាប់ពាណិជ្ជកម្មខុសច្បាប់មែនទេ? យើង​ផ្តល់​នូវ​ធាតុផ្សំ​នៃ​ចម្លើយនេះ ​ព្រោះ​តួរលេខ​ដែល​ផ្តល់​ឲ្យ​ CITES មិន​ត្រូវ​គ្នា​នឹង​សមត្ថភាព​កសិដ្ឋាន[បង្កាត់ស្វា] ​របស់​កម្ពុជា»។

ទន្ទឹមនឹងក្តីកង្វល់ផ្នែកច្បាប់ទាំងនេះ លោក Chaber ក៏បានចង្អុលបង្ហាញអំពីហានិភ័យ ដែលអាចមានចំពោះសុខមាលភាពសាកល នៃការលាយសត្វស្វាចាប់ពីព្រៃ ជាមួយសត្វស្វាដែលបង្កាត់។ នៅពេលដែលមានការចាប់ផ្តើមនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលតភ្ជាប់ប្រទេសជាច្រើន ការផ្ទុះជំងឺនៅក្នុងកសិដ្ឋានធំដូច Vanny Bio Research អាចមានផលវិបាកជាអន្តរជាតិ។

ឯកសារសាធារណៈតែមួយគត់ ដែលមានព័ត៌មានអំពីកន្លែងបង្កាត់ពូជក្នុងប្រទេស គឺជាលិខិតបែកធ្លាយឆ្នាំ ២០១៤ ពីអាជ្ញាធរគ្រប់គ្រង CITES នៅកម្ពុជា ដែលត្រូវបានដឹកនាំដោយ លោក អូម៉ាលីស ដែលត្រូវបានចោទប្រកាន់។

លិខិត​នោះ​បាន​បញ្ជាក់​ថា កសិដ្ឋាន​ស្វាកំពុង​ប្រតិបត្តិការ​ទាំង​ប្រាំមួយ ​របស់​ប្រទេស​កម្ពុជា ​មាន​សត្វ​ស្វា​សរុប​ចំនួន​ជិត ៥៦,០០០ ក្បាល​ក្នុង​ឆ្នាំ ២០១៤ ដែល​ជា​ឆ្នាំ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​នាំ​ចេញ​បាន​ចំនួនប្រហែល ៥ ០០០ក្បាល ប៉ុណ្ណោះ។

ដោយផ្អែកលើចំនួនទាំងនេះ អ្នកស្រាវជ្រាវបានគណនាថា កសិដ្ឋាននឹងត្រូវការបង្កាត់ពូជស្ទើរតែទ្វេដង អោយដល់ចំនួនប្រហែល ១០៣ ០០០ក្បាល ដើម្បីអាចនាំចេញប្រហែល ៣៣, ០០០ក្បាល នៅឆ្នាំ២០២០។

ពួកគេបាននិយាយថា នោះទំនងជាការប៉ាន់ប្រមាណរបស់ក្រុមអភិរក្ស ដោយផ្អែកលើកត្តារួម ទាំងអត្រាការស្លាប់របស់ស្វា និងអត្រាមានកូនរបស់ពួកវា។

« ​មើល​ឃើញ​ការ​កើន​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​បែប​នេះ វា​ស្ទើរ​តែ​ភ្ញាក់​ផ្អើល​ដល់​ចំណុច​ដែល​អ្នក​ស្ទើរ​តែ​ត្រូវ​សួរ៖ ប្រសិន​បើ​វា​ជា​ការ​ពិត ពួក​គេ​កំពុង​ធ្វើ​អ្វី​មួយ​មិន​គួរ​ឲ្យ​ជឿ។ ហើយប្រសិនបើវាមិនមែនជាការពិតទេ នោះពួកគេកំពុងធ្វើអ្វីមួយដែលគួរឱ្យសង្ស័យ‍‍‍‌‌‌‌‌‌»។ អ្នកស្រី Regina Warne អ្នកដឹកនាំការស្រាវជ្រាវបាននិយាយ។

បន្ថែមទៅលើការសង្ស័យរបស់អ្នកស្រាវជ្រាវ គឺរបៀបដែលកសិដ្ឋានធ្វើការនាំចេញ ក្នុងទំហំទ្វេដងក្រោយឆ្នាំ២០១៩ នៅពេលដែលសត្វស្វាតិចជាង ១៤,០០០ក្បាល ត្រូវបានជួញដូរ។ យោងតាមទិន្នន័យរបស់ CITES កម្ពុជារក្សាបាននូវកម្រិតខ្ពស់នៃការនាំចេញនេះក្នុងឆ្នាំ ២០២១ ដោយបានជួញដូរសត្វស្វាចំនួន ​​៣១,០០០​ក្បាល។

អ្នកស្រី Warne បាននិយាយថា «ការធ្វើការគណនាទាំងនេះ ត្រូវការពេលយូរ និងស្មុគ្រស្មាញ ដើម្បីទៅដល់តួលេខ ដែលអាចផ្តល់ឱ្យយើងនូវចម្លើយ។ វាមានសារៈសំខាន់ណាស់ក្នុង ការបង្កើតអោយចេញនូវរូបភាពទាំងមូល ដើម្បីអាចជំរុញថាតើបញ្ហានេះមានសារៈសំខាន់យ៉ាងណា។»

មិនមែនជាស្វារបស់ខ្លួន ក៏មិនមែនជាបញ្ហារបស់ខ្លួន៖ ការជួញដូរនៅតែបន្ត ពេលដែលការសង្ស័យកាន់តែជ្រៅ

វា​មិន​ច្បាស់​ទេ​ថា​តើ​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ឬ ​បទ​ប្បញ្ញត្តិ​ជាក់ស្តែង​ បាន​កើត​ឡើង​ នៅតាម​កសិដ្ឋាន​របស់​ប្រទេស​កម្ពុជា​ឬ​យ៉ាង​ណា។

លោក ណៅ​ ធួក ប្រធានអាជ្ញាធរគ្រប់គ្រង CITES ថ្មីនៅកម្ពុជា បានសរសេរក្នុងអ៊ីមែលមកកាន់ Southeast Asia Globe ថា «យើងនឹងចាត់វិធានការតឹងរ៉ឹងជាងមុន ដើម្បីធ្វើឱ្យប្រាកដថា កសិដ្ឋានទាំងអស់អនុវត្តតាមច្បាប់ជាតិ ក៏ដូចជាតម្រូវការរបស់ខាង CITES»។

គាត់បានសរសេរថា វិធានការទាំងនោះ នឹងរួមបញ្ចូល «ការត្រួតពិនិត្យសម្ភារៈបរិក្ខារ» ក៏ដូចជាធ្វើឱ្យប្រាកដថាសត្វស្វា «កើតនៅក្នុងកសិដ្ឋាន» ហើយមិនត្រូវបានគេសង្ស័យថា ត្រូវបានគេចាប់សត្វព្រៃនោះទេ។

Vanny Bio Research គឺជាអ្នកផ្គត់ផ្គង់សត្វស្វាកន្ទុយវែងដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមគ្របដណ្តប់ទីផ្សារពិភពលោក សម្រាប់សត្វប្រភេទនេះ បន្ទាប់ពីការផ្ទុះឡើងនៃ កូវីដ ១៩ អស់រយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ កាលពីខែវិច្ឆិកា បុគ្គលិកចំនួនប្រាំមួយនាក់ ត្រូវបានចោទប្រកាន់ពីបទជួញដូរសត្វព្រៃ។ រូបថតដោយ Anton L. Delgado សម្រាប់ Southeast Asia Globe។

ទាំងនេះគឺជាតម្រូវការអនុវត្តមូលដ្ឋាន ដែលកំណត់ដោយ CITES ។ ប្រសិនបើរដ្ឋបាលព្រៃឈើចាត់ទុកវិធានការទាំងនេះជាវិធានការថ្មី គេមិនច្បាស់ថា មានវិធានការធ្វើអ្វីខ្លះទេចាប់តាំងពី Vanny Bio Research ត្រូវបានដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០០៤។

ខណៈពេលដែលការគ្រប់គ្រងអាចមិនមានការផ្លាស់ប្តូរ ការពិភាក្សាអំពីការចោទប្រកាន់ ឬឧស្សាហកម្មស្វារបស់កម្ពុជា បានក្លាយជាប្រធានបទក្ដៅ ក្នុងចំណោមអ្នកអភិរក្សសត្វព្រៃ

តំណាងមកពី សមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society) សម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិប្រចាំកម្ពុជា (Fauna Fauna & Flora International) អង្គការអភិរក្សអន្តរជាតិ (Conservation International) និងអង្គការ WWF-Greater Mekong ទាំងអស់ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើប្រធានបទនេះទេ ដោយចង្អុលទៅភាពរសើបនៃនយោបាយ។ WWF ប្រចាំកម្ពុជាបាននិយាយ ប៉ុន្តែមិនច្រើនទេ។​

ការិយាល័យនេះបានសរសេរមកកាន់ Globe ថា «ការជួញដូរសត្វព្រៃនៅតែជាឧក្រិដ្ឋកម្មធំដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ កម្ពុជា​ជា​ភាគី ​​ដែល​បាន​ផ្តល់​សច្ចាប័ន​ពី CITES។ ដូច្នេះ​ការ​ជួញ​ដូរ និង​រត់ពន្ឋសត្វ​ខុស​ច្បាប់ ​គឺ​ផ្ទុយនឹង​ច្បាប់»។


រាយការណ៏បន្ថែមដោយ ឡាយ សុផាន់ណា

អត្ថបទនេះត្រូវបានផលិតឡើងដោយសហការជាមួយ Kontinentalist ដោយមានការគាំទ្រពី បណ្តាញស៊ើបអង្កេតព្រៃទឹកភ្លៀង របស់មជ្ឈមណ្ឌល Pulitzer