កម្ពុជា​មាន​គោល​បំណង​ដាក់ ‌‌«តំបន់អភិរក្សធម្មជាតិ» អោយទទួល​ស្គាល់​ជា​អន្តរជាតិ

ក្បាលទូកបង្វែរទិស ទៅតាមដៃដែលបញ្ជារម៉ាសុីន ប្រៀបដូចជាចង្កូតរបស់ម្ចាស់ទូក ​តម្រង់ទៅកាន់បណ្ដុំពពុះ នៅលើផ្ទៃទឹក។ ខណៈទូកជិះយឺតៗឆ្លងកាត់ទន្លេមេគង្គ ភ្ញៀវទេសចរអាចឃើញ សត្វផ្សោតអ៉ីរ៉ាវ៉ាឌី លេចឡើងជា​ហ្វូង ឬ២ទៅ៣ក្បាល ដែលមានតែអ្នកភ្នែករហ័ស​ ឬមានសំណាងទើបឃើញពួកគេច្បាស់។ 

«សត្វផ្សោតនេះ ឥឡូវ​ហ្នឹងអាច​មើល​ឃើញតែនៅកន្លែងនេះឯង ព្រោះវារាងក្សត់ទៅក្សត់ទៅ» នេះបើតាម លោកពូ ស៊ុន គឹង ជាអ្នកបើកទូកទេសចរណ៌ជាង២០ឆ្នាំ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។​

តំបន់អភិរក្ស អន្លង់ផ្សោតកាំពីខេត្តក្រចេះ គឺជាតំបន់ការពារដ៏រឹងមាំមួយ សម្រាប់រក្សាចំនួនសត្វផ្សោតប្រភេទនេះ ដែលជិតផុតពូជនៅក្នុងទន្លេមេគង្គ។ នេះក៏ជាហេតុផលសំខាន់មួយ ដែលក្រសួងបរិស្ថានគ្រោងដាក់តំបន់នេះ ជាតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិដំបូងគេរបស់កម្ពុជា។

ចំណាត់ការនេះធ្វើឡើងស្របគ្នាជាមួយនឹងសំណើរមួយទៀត​ទៅកាន់ អ​ង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ឬអង្គការយូនីស្កូ (UNESCO) សម្រាប់ឧទ្យានភូគព្ភសាស្ត្រសកលដំបូងរបស់កម្ពុជា (Geopark) នៅដែនជម្រកសត្វព្រៃភ្នំណាមលៀ ខេត្តមណ្ឌលគិរី។

ជាមួយជីវមណ្ឌលបម្រុង ដែលទទួលស្គាល់ដោយអង្គការយូណេស្កូ នៅបឹងទន្លេសាប ការធ្វើសំណើរលើតំបន់ទាំងពីរនេះ បញ្ជាក់ពីចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់ក្រសួង ក្នុងការទទួលស្គាល់ជាអន្តរជាតិចំពោះធនធានធម្មជាតិរបស់កម្ពុជា។ ខណៈសំណើរនេះអាចចំណាយពេលជិតមួយទសវត្សរ៍ តំបន់ធម្មជាតិផ្សេងៗទៀត ក៏កំពុងស្ថិតក្រោមការពិចារណាផងដែរ។

ក្រុមអ្នកស្រាវជ្រាវ និងអ្នកអភិរក្ស ជជែកគ្នាថា តើការទទួលស្គាល់ជាសាកលនេះ អាចការពារតំបន់បេតិកភណ្ឌធម្មជាតិ នៅប្រទេសកម្ពុជាពីការអភិវឌ្ឍ និងភាពរិចរិលបានដែរឬទេ រីមួយក៏ផែនការគ្រប់គ្រងដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះ នឹងត្រូវបានអនុវត្តតែលើឯកសារតែណ្ណោះ។

លោកពូ ស៊ុន កឹង ដែល​បាន​ចំណាយ​ពេល​ជាង​ពីរ​ទសវត្សរ៍​ធ្វើ​ការ​នៅ​អន្លង់ផ្សោត​កាំពី ប្រើ​ម្រាម​ជើង​គាត់ បញ្ជាច្រវារបស់​ទូក​ឆ្ពោះ​ទៅ​កាន់​អន្លង់​ផ្សោត​អុីរ៉ាវ៉ាឌី។ រូបថតដោយ Anton L. Delgado for Southeast Asia Globe។

ការជ្រើសរើសដាក់តំបន់ទាំងពីរនេះចូលក្នុងបញ្ជីបេតិកភណ្ឌ កើតឡើងក្នុងឆ្នាំដំណាលគ្នាជាមួយ ខួបលើកទី ៥០  ចាប់តាំងពីការចុះហត្ថលេខាលើអនុសញ្ញាបេតិកភណ្ឌពិភពលោក និង ខួបលើកទី៣០ឆ្នាំ រាប់ចាប់តាំងពីការចុះបញ្ជីប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។

លោក​Masanori Nagaoka អ្នកជំនាញផ្នែកវប្បធម៌របស់អង្គការយូណេស្កូប្រចាំកម្ពុជា ពន្យល់ថា ការការពារទាំងនេះមិនគ្រាន់តែសំដៅការពារធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង «រួមចំណែកការពារការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

«អង្គរវត្ត ពិតជានិមិត្តរូបរបស់ប្រទេស ប៉ុន្តែវាមិនមែនត្រឹមតែប៉ុនហ្នឹងទេ។ យើង​មាន​កន្លែង​ធម្មជាតិ​ដ៏​សម្បូរបែប ព្រៃ​បម្រុង​ជីវមណ្ឌល និង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ ដែរត្រូវការ​ ការ​ការពារ និង​ផ្សព្វផ្សាយ​។ ការជ្រើសរើសទីតាំង ធ្វើឡើងអាស្រ័យទៅលើអ្វីដែលរដ្ឋាភិបាលយកចិត្តទុកដាក់ និងពិចារណា»។ លោក Nagaoka​ បានបន្ថែម។

«ការចុះក្នុងបញ្ជីបេតិកភណ្ឌ» គឺជាអត្ថប្រយោជន៍ដ៏ទូលំទូលាយដែលគេទទួលស្គាល់ជាទូទៅ​ ហើយខណៈពេលដែលការផ្តល់មូលនិធិនានា មិនមកដោយស្វ័យប្រវត្តិ ជាមួយនឹងការទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោក ឬឧទ្យានភូគព្ភសាស្ត្រ ការចុះក្នុងបញ្ជីគឺជា «មធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីធានាការការពារតម្លៃ» ។

ការចុះបញ្ជីបេតិកភណ្ឌពិភពលោក អាចលើកកម្ពស់ការយល់ដឹងអំពីទីកន្លែងនោះ និងនាំមកនូវឱកាសបន្ថែមលើវិស័យទេសចរណ៍ ការចូលរួមពីសហគមន៍ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

យោងតាមអង្គការយូណេស្កូ ការការពារទាំងនេះ នឹងជាជំហានដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការការពារជីវចម្រុះ និងធម្មជាតិរបស់ខ្លួន។

«រដ្ឋាភិបាលត្រូវតែធ្វើការសន្យា ដោយមិនគ្រាន់តែកំណត់ទីតាំងដ៏អស្ចារ្យទាំងនេះឲ្យពិភពលោកស្គាល់នោះទេ ប៉ុន្តែពួកគេត្រូវតែសន្យាជាមួយពិភពលោកថា ពួកគេប្តេជ្ញាការពារសម្បត្តិដ៏មានតម្លៃបែបនេះ សម្រាប់មនុស្សជំនាន់ក្រោយ។» Nagaoka បានបន្ថែម។​

បើគិតជារួម អង្គការយូណេស្កូបានកំណត់តំបន់បេតិកភណ្ឌពិភពលោកធម្មជាតិជាង ២៥០កន្លែង និងឧទ្យានភូគព្ភសាស្ត្រជិត ១៨០កន្លែង ។ យ៉ាងណាមិញ ការទទួលស្គាល់ ជាសម្បត្តិបេតិកភណ្ឌអាចត្រូវបានដកចេញ ប្រសិនបើផែនការគ្រប់គ្រងមិនត្រូវបានអនុវត្តត្រឹមត្រូវ ដោយប្រទេសដែលជាម្ចាស់។

គិតត្រឹមឆ្នាំមុន តំបន់អាស៊ីអាគ្នេយ៍ជាជម្រកនៃ ឧទ្យានភូគព្ភសាស្ត្រចំនួន១១ និងតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិចំនួន ១៤  ដោយមានប្រទេសឥណ្ឌូនេស៊ីនាំមុខគេទាំងពីរប្រភេទ។

លោក Saut Sagala​ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យា Bandung (Bandung Institute of Technology) របស់ប្រទេសឥណ្ឌូនេស៊ី ដែលបានសិក្សាអំពីភូមិសាស្ត្រទេសចរណ៍ បានបញ្ចាក់ថា «ការទទួលស្គាល់ដោយអង្គការយូណេស្កូ ជំរុញឱ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់តំបន់ និងមូលដ្ឋានធ្វើការរួមគ្នា និងធ្វើការកំណត់ស្តង់ដារខ្ពស់សម្រាប់ការគ្រប់គ្រងបរិស្ថាននៃតំបន់នោះ។

ខណៈពេលដែលគាត់ជឿថា ការកំណត់ទីតាំងទាំងនេះជាសម្បត្តិបេតិកភណ្ឌ អាចជួយថែរក្សាបាននូវទីកន្លែងធម្មជាតិទាំងនោះ នៅទូទាំងតំបន់(អាស៊ីអាគ្នេយ៍) យ៉ាងមានប្រសិទ្ធភាពនោះ Sagala ក៏លើកឡើងនូវការប្រុងប្រយ័ត្ន ចំពោះវិធីសាស្ត្រគ្រប់គ្រងតំបន់ទាំងនោះដោយហេតុថា គេមិនអាចប្រើប្រាស់ស្តង់ដារណាមួយមកកំណត់ទីតាំងទាំងអស់បានទេ។

«វាអាចមានភាពខុសប្លែកគ្នា ក៏ដូចជាវិធីសាស្រ្តផ្សេងគ្នា ឬចំនុចពិសេស បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃកន្លែងនីមួយៗ នៅតាមតំបន់នានាទូទាំង​ប្រទេស​»​។ គាត់បានបន្ថែម​ «តំបន់បេតិកភណ្ឌ នីមួយៗអាចកំណត់គំរូផ្ទាល់ខ្លួន ហើយបន្ទាប់មកកន្លែងទាំងនេះអាចរៀនពីគ្នាទៅវិញទៅមក។»

នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន ជាអ្នកត្រួតពិនិត្យការដាក់ពាក្យស្នើសុំនេះ។ មន្ត្រី​នាយកដ្ឋានបាន​បដិសេធ ក្នុងការផ្ដល់ព័ត៌មានដល់ខាងសារព័ត៌មាន ដោយ​ពន្យល់​ថា គោល​នយោបាយ​ផ្ទៃ​ក្នុង​អនុញ្ញាត​ឱ្យតែ​អ្នក​នាំ​ពាក្យ​ក្រសួងប៉ុណ្ណោះ ​ក្នងការផ្ដល់ពត៌មានដល់​សាធារណៈ​។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​បាន​ចែក​រំលែក​ថា ការ​ដាក់​ស្នើ​រ​អន្លង់ផ្សោត​កាំពីជាសម្បត្តិបេតិកភណ្ឌធម្មជាតិ ​កំពុង​ត្រូវ​បាន​កំណត់​ជា​អាទិភាព។

នៅចុងឆ្នាំ ២០២៣ នាយកដ្ឋានសង្ឃឹមថានឹងអាចបញ្ជូនឯកសារនេះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអនុម័តមុននឹងដាក់ស្នើទៅអង្គការយូណេស្កូជាផ្លូវការ។

កាលពីខែមិថុនា អ្នកនាំពាក្យក្រសួង លោក នេត្រ ភក្ត្រា បានប្រកាសអំពីផែនការដាក់ស្នើរបស់អន្លង់ផ្សោតកាំពី ដោយនិយាយថា ការចុះបញ្ជីបេតិកភណ្ឌពិភពលោកនឹងនាំឱ្យមានការចាប់អារម្មណ៍ពីអន្តរជាតិ និងធានាឱ្យមានការកើនឡើងនៃភ្ញៀវទេសចរ។ Southeast Asia Globe ពុំអាចសុំការបញ្ជាក់បន្ថែមពីលោក នេត ភក្ត្រា បានឡើយ ក្រោយពីមានសំណើរទំនាក់ទំនងតាមទូរស័ព្ទជាច្រើនសារ។​

សត្វផ្សោត​អុីរ៉ាវ៉ាឌីមួយគូ លោតឡើងលើផ្ទៃទឹកទន្លេមេគង្គ។ នៅឆ្នាំ ២០២០ ចំនួនសត្វផ្សោតទន្លេមេគង្គត្រូវបានប៉ាន់ប្រមាណថាមានត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍របស់អង្គការ WWF ។ រូបថតដោយ Anton L. Delgado for Southeast Asia Globe។

ដំណើរការដាក់បញ្ចូលបញ្ជីបេតិកភណ្ឌពិភពលោក អាចចំណាយពេលច្រើនឆ្នាំ ហើយពឹងផ្អែកលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល នេះបើយោងតាម កញ្ញា Renate Heileman ដែលធ្វើការជាមួយអង្គភាពវិទ្យាសាស្ត្រធម្មជាតិ នៃអង្គការយូណេស្កូនៅកម្ពុជា។

កញ្ញា បាននិយាយថា «រដ្ឋាភិបាលមានភាពសកម្មក្នុងការបន្តការអភិរក្សតំបន់ធម្មជាតិរបស់ខ្លួន​ តាមរយៈមធ្យោបាយផ្សេងគ្នាទាំងនេះ។ បេតិកភណ្ឌពិភពលោក នាំមកនូវការគាំទ្របន្ថែមសម្រាប់បទប្បញ្ញត្តិ និងការការពារផ្នែកច្បាប់ តាមរយៈការរៀបចំផែនការ និងប្រព័ន្ធគ្រប់គ្រង។”

ពាក្យស្នើសុំចាប់ផ្តើមជាមួយនឹងការដាក់ស្នើទៅ «បញ្ជីបណ្តោះអាសន្ន» របស់អង្គការយូណេស្កូ ដែលដំណើរការនេះអាចមានរយៈពេលប្រាំទៅប្រាំពីរឆ្នាំ មុនពេលចាប់ផ្តើមដំណើរការចាត់តាំង ឬ Nomination។ តំបន់ដែលដាក់ឈ្មោះទៅ ត្រូវបានវិនិច្ឆ័យដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួនបួន ដែលសង្កត់ធ្ងន់លើ ប្រភេទសត្វដែលរងការគំរាមកំហែង លក្ខណៈជីវសាស្ត្រតែមួយគត់ (ក្នុងតំបន់នោះ) និងការមើលជារួមទៅលើ «តម្លៃសាកលដ៏ពិសេស»។ បន្ទាប់មក សំណើរត្រូវបានស្នើទៅកាន់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ។

កិច្ចប្រជុំគណៈកម្មាធិការប្រចាំឆ្នាំ ជាពេលដែលតំបន់ថ្មីៗនៅក្នុងបញ្ជីនឹងត្រូវទទួលការអនុញ្ញាត ធ្លាប់ត្រូវបានគ្រោងនឹងរៀបចំនៅក្នុងប្រទេសរុស្ស៊ីកាលខែមិថុនា ឆ្នាំ ២០២២ ប៉ុន្តែត្រូវបានពន្យារពេលដោយគ្មានកំណត់ ដោយសារបញ្ហាររុស្ស៊ី-អ៊ុយក្រែន។ ការពន្យារពេលនេះ ក៏ធ្វើអោយមានការយឺតយ៉ាវនូវការចុះបញ្ជីបេតិកភណ្ឌវប្បធម៍ពិភពលោកទី៤ របស់ប្រទេសកម្ពុជា គឺប្រាសាទកោះកេរ្តិ៍ ក្នុងខេត្តព្រះវិហារ។

លោក Nagaoka បាននិយាយថា ជាមួយនឹងទីតាំងវប្បធម៌ចំនួនបីរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ និងទីបួនកំពុងរង់ចាំលទ្ធផល ការពិនិត្យមើលការដាក់អន្លង់ផ្សោតកាំពី ជាតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិដំបូងរបស់ប្រទេសនេះ នឹងក្លាយជាអាទិភាពមួយ។

អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) បានចាត់ថ្នាក់ផ្សោតអ៉ីរ៉ាវ៉ាឌី ឬដែលគេស្គាល់ថា ផ្សោតទន្លេមេគង្គ ក្នុងតារាងសត្វ «ជិតផុតពូជ» នៅក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែង។ ប៉ុន្តែចំនួនសត្វផ្សោតប្រភេទនេះ ដែលបន្តរស់រានមានជីវិតក្នុងប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងកម្ពុជាត្រូវបានចាត់ទុកថាជា «ប្រភេទងាយរងគ្រោះ»។ ដែនជម្រកចម្បងដែលហៅថា «អន្លង់ផ្សោត» សម្រាប់សត្វផ្សោតអុីរ៉ាវ៉ាឌី នៅក្នុងទន្លេមេគង្គលាតសន្ធឹងប្រវែង ១៨០ គីឡូម៉ែត្រ ពីទឹកធ្លាក់ខនផាក់ផង (ល្បាក់ខោន) របស់ប្រទេសឡាវ មកកាន់ខេត្តក្រចេះរបស់កម្ពុជា។

កាល​ពី​ខែ​កុម្ភៈ សត្វ​ផ្សោត​ចុង​ក្រោយ​ក្នុង​អាងផ្សោត​មួយ​នៅ​ព្រំដែន​កម្ពុជា-ឡាវ បាន​ស្លាប់ដោយសារ ​ជាប់​ក្នុង​សំណាញ់​នេសាទ។

លោក រិន ណារឿន អ្នកគ្រប់គ្រងតំបន់ការពារ និងអនុវត្តច្បាប់របស់អង្គការមូលនិធិសត្វព្រៃពិភពលោក  (World Wildlife Fund) នៅខេត្តក្រចេះ​ បានមានប្រសាសន៍ថា “ប្រសិនបើយើងអាចធ្វើការលើបញ្ហានេះ ហើយអង្គការយូណេស្កូយល់ព្រមបង្កើតតំបន់នេះជាបេតិកភណ្ឌពិភពលោកធម្មជាតិ ខ្ញុំគិតថាវាល្អសម្រាប់យើង ព្រោះយើងអាចអនុវត្តច្បាប់បាន”។ លោក​ជឿ​ជាក់​ថា ការ​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​អាច​ផ្តល់​ប្រយោជន៍​ ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្ត​ច្បាប់។

លោក ណារឿន ដែល​បាន​ជួយ​ប្រមូល​ទិន្នន័យ​ សម្រាប់​ការ​ដាក់​បញ្ចូល​តំបន់​បេតិកភណ្ឌ​ពិភពលោក​ បាន​ថ្លែង​ថា ​ការ​បាត់​បង់​នេះ (សត្វផ្សោត) ​កាន់តែ​ពង្រឹង​សារៈសំខាន់​របស់​អន្លង់ផ្សោត​កាំពី​ ក្នុង​នាម​ជា​ជម្រក​រឹងមាំ​សម្រាប់​សត្វ​ផ្សោត​អុីរ៉ាវ៉ាឌី។

យោងតាមរបាយការណ៍របស់អង្គការ WWF បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២០ ចំនួនសត្វផ្សោតទន្លេមេគង្គត្រូវបានប៉ាន់ប្រមាណថាមានចំនួនត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះ។ ប៉ុន្តែចំនួនផ្សោតថ្មីត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅឆ្នាំ ២០២៣ ដែលសង្ឃឹមថាចំនួននេះ នឹងបង្ហាញសញ្ញានៃកំណើនផ្សោត។

លោកមាន​ប្រសាសន៍​បន្ថែមថា​៖ «​ប្រសិន​បើ​យើង​មាន​ការ​ការពារ​របស់​អង្គការ​យូណេស្កូ យើង​អាច​ជំរុញ​អ្នក​ពាក់ព័ន្ធ​ក៏ដូចជា​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ការពារ​តំបន់​នេះ​បាន​កាន់តែ​ល្អ។ ប្រសិនបើបេតិកភណ្ឌពិភពលោក គឺជាគោលបំណងមួយរបស់រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ខ្ញុំសង្ឃឹមថាយើងនឹងទទួលបានវា ព្រោះយើងពិតជាត្រូវការវា»។

បកប្រែដោយ ឌិប​ ណាសា


This article was produced in partnership with The Pulitzer Center’s Rainforest Investigations Network. A version of this story is available at Southeast Asia Globe and at Focus – Ready for Tomorrow, the Khmer-language publication of Globe Media Asia.