បន្ទាប់ពីត្រូវបានគេលើកចេញពីអាងបេតុងដ៏ត្រជាក់ហើយដាក់នៅលើចិញ្ចើមផ្លូវដ៏ក្ដៅ សម្រែកក្រពើមួយក្បាល បន្លឺឡើងជាមួយនឹងខ្សែពួរដែលថ្ពក់ជុំវិញធ្មេញ និងខ្លួនរបស់វា។ សត្តវិទូម្នាក់ យកជើងជាន់លើច្រមុះ ហើយទាញខ្សែចងថ្គាមរបស់វាឲ្យជិត ស្របពេលដែលសម្រែកនោះលឺខ្សោយទៅៗ។
ក្នុងរយៈពេលត្រឹមតែមួយម៉ោង សត្វក្រពើជាង ២០ ក្បាលត្រូវបានចងជាប់ និងដាក់លើឡានដឹកទំនិញ។ ទាំងនេះជាក្រពើភ្នំ (Siamese Crocodile) ដែលមានវត្តមានប្រមាណជាង ២៥០០ក្បាល នៅកសិដ្ឋានក្នុងក្រុងសៀមរាបនៃប្រទេសកម្ពុជា។ កសិដ្ឋានចិញ្ចឹមក្រពើនៅកម្ពុជា ធ្វើការបង្កាត់ពូជ និងលក់ក្រពើរស់ ដែលជាញឹកញាប់បញ្ចូនទៅឱ្យឈ្មួញក្នុងប្រទេសចិន ថៃ និងវៀតណាម ជាកន្លែងដែលសត្វក្រពើទាំងនោះ ត្រូវបាននាំយកទៅផលិតជាស្បែកក្រពើ និងផលិតផលផ្សេងទៀត។
ដោយឡែក ក្រពើភ្នំដែលប្រមូលបានសព្វថ្ងៃនេះមិនមានគោលដៅក្នុងការលក់ ឬសម្លាប់នោះទេ។ ផ្ទុយទៅវិញ ក្រពើទាំងនេះ គឺជាការបរិច្ចាគពីកសិដ្ឋាន ទៅឱ្យអ្នកអភិរក្សដែលព្យាយាមជួយសង្គ្រោះចំនួនសត្វក្រពើភ្នំ ចុងក្រោយបង្អស់នៅតាមព្រៃក្នុងប្រទេសកម្ពុជា។
គិតត្រឹមឆ្នាំ២០០០ ក្រពើភ្នំធ្លាប់ត្រូវបានគេជឿថាបានផុតពូជនៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពេលដែលការស្ទង់មតិដឹកនាំដោយ អង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ (Fauna & Flora International) ដែលបានរកឃើញឡើងវិញ នូវចំនួនក្រពើដែលនៅសល់នៅលើភ្នំក្រវាញ នាភាគនិរតីនៃប្រទេស។
អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា មានក្រពើភ្នំតែប៉ុន្មានរយក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងព្រៃនៃតំបន់អាស៊ីអាគ្នេយ៍សព្វថ្ងៃនេះ។ ក្នុងនោះ ប្រទេសកម្ពុជាជាទីជម្រកសម្រាប់សត្វព្រៃប្រភេទនេះដ៏ធំបំផុត ដែលមានចន្លោះពីំ ២០០ ទៅ ៤០០ ក្បាល នេះបើតាមការសិក្សាកាលពី ឆ្នាំ ២០១៥ ។ ទន្ទឹមនឹងនេះ ការសិក្សាក្នុងតំបន់ បានចេញផ្សាយនៅឆ្នាំបន្ទាប់ បានប៉ាន់ប្រមាណថា ក្រពើជាង ១, ៥៣ លានក្បាល រួមមានពូជក្រពើភ្នំ ពូជក្រពើគុយបា និងពូជក្រពើទឹកប្រៃ និងពូជកូនកាត់ ត្រូវបានចិញ្ចឹមក្នុងកសិដ្ឋានប្រហែល ២៨០០កន្លែង នៅក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាម។
តើកសិដ្ឋានអាចបណ្ដាលឱ្យបាត់បង់ក្រពើនៅអាស៊ីអាគ្នេយ៍ដោយរបៀបណា?
អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) បានចាត់ថ្នាក់ក្រពើភ្នំថា «ជិតផុតពូជ» ក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែងចាប់តាំងពីឆ្នាំ ១៩៩៦។ ក្រពើភ្នំ ធ្លាប់វត្តមាននៅតំបន់ដីសើម ពាសពេញអាស៊ីអាគ្នេយ៍ដីគោក ពីបូណេអូ ដល់កោះជ្វា ប៉ុន្តែនៅទសវត្សរ៍ឆ្នាំ ១៩៩០ ជម្រកជាច្រើនរបស់ក្រពើទាំងនោះត្រូវបាត់បង់។
ការវាយតម្លៃចុងក្រោយរបស់អង្គការ IUCN ក្នុងឆ្នាំ២០១២ បានប៉ាន់ប្រមាណចំនួនប្រភេទសត្វព្រៃ នេះទូទាំងពិភពលោកថា នៅសេសសល់មិនលើសពី ៥០០ ទៅ ១០០០ ក្បាល ដែលភាគច្រើនរស់នៅតំបន់ដាច់ស្រយាលនាប្រទេសម្ពុជា ឡាវ ឥណ្ឌូនេស៊ី ថៃ និងវៀតណាម។
ការថយចុះដ៏ធំនៃចំនួនសត្វប្រភេទនេះគឺ ភាគច្រើនបណ្តាលមកពីការបរបាញ់ សម្លាប់យកស្បែកនៅពាក់កណ្តាលសតវត្សទី ២០ ។ កសិដ្ឋានចិញ្ចឹមក្រពើជាអាជីវកម្មដំបូងបង្អស់របស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ ដែលក្រពើភ្នំត្រូវបានរក្សា និងបង្កាត់យកតាមផ្នែករាងកាយរបស់ពួកវា។ បើយោងតាម របាយការណ៍របស់ក្រុមអ្នកឯកទេស ក្រពើ IUCN កសិដ្ឋានដំបូងគេក្នុងប្រទេសថៃត្រូវបានបង្កើតនាប្រាំឆ្នាំបន្ទាប់។
លោក Joe Rose មន្ត្រីគម្រោងបង្កាត់ពូជសត្វក្នុងទ្រុង នៅអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ប្រចាំប្រទេសកម្ពុជា បានប្រាប់ The Third Pole ថា «ចំនួនសត្វក្រពើតាមព្រៃសឹងតែត្រូវបានបំផ្លាញទាំងស្រុង ដោយសារតែកសិករចាប់ក្រពើនៅក្នុងព្រៃដើម្បីបង្កើនចំនួនក្រពើចិញ្ចឹមរបស់ពួកគេ»។ លោកបានអះអាងថា នេះជារឿងធម្មតា ជាពិសេសនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៩០ ខណៈពេលដែលវិស័យនេះមានការរីកចម្រើន។
ក្នុងឆ្នាំ ២០១៦ ក្រពើប្រមាណជាង ២៥ ម៉ឺនក្បាលកំពុង ចិញ្ចឹមនៅកសិដ្ឋាន ជាង ៩០០ កន្លែងក្នុងប្រទេសកម្ពុជា។ ការសិក្សានេះមិនអាចកំណត់ទេថា ចំនួនក្រពើភ្នំប៉ុន្មានក្បាលជាពូជសុទ្ធនោះទេ ដោយសារតាមកសិដ្ឋាននីមួយៗមានចេតនាបង្កាត់ពូជជាញឹកញាប់ ដើម្បីផលប្រយោជន៍អាជីវកម្មរបស់ពួកគេ។
ក្រៅពីប្រទេសកម្ពុជា ក្រពើភ្នំត្រូវបានចិញ្ចឹមជាលក្ខណៈអាជីវកម្មនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាម ដែលនៅទីនោះគេរាយការណ៍ថាមានកសិដ្ឋានចិញ្ចឹមក្រពើចំនួន ៨០០ និង ១១០០ កន្លែង។
«កសិដ្ឋានជាច្រើនក្នុងប្រទេសកម្ពុជា និងក្នុងតំបន់កំពុងជញ្ជក់យកសត្វចេញពីព្រៃ»។ Jenny Daltry ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ បានលើកឡើង។
ក្រពើភ្នំ ស្ថិតក្រោមការការពារនៃច្បាប់ស្តីពីជលផលក្នុងឆ្នាំ ២០០៦ របស់កម្ពុជា ដែលហាមប្រាមការយកសត្វក្នុងទឹកមួយចំនួនដោយគ្មានអាជ្ញាប័ណ្ណ ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាច្រើនលានរៀល ដែលមានអនុក្រឹត្យលេខ ១២៣ ស្តីពីការចុះបញ្ជីក្រពើភ្នំ ជាប្រភេទសត្វទឹកដែលត្រូវបានការពារ រួមជាមួយនឹង ផ្សោតអ៊ីរ៉ាវ៉ាឌី និងត្រីរាជដែលជិតផុតពូជ។
ក្រពើភ្នំ ក៏ត្រូវបានការពារជាអន្តរជាតិផងដែរ ដែលត្រូវបានចុះបញ្ជីនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាស្តីពីពាណិជ្ជកម្ម អន្តរជាតិលើប្រភេទសត្វជិតផុតពូជ (CITES) របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ។ នេះមានន័យថាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនេះ ជាទូទៅត្រូវបានហាមឃាត់ ប៉ុន្តែមានករណីលើកលែង។
បញ្ជី CITES ស្តីពីប្រតិបត្តិការបង្ខាំងទុកដើម្បីបង្កាត់ពូជបានអនុញ្ញាតឱ្យចិញ្ចឹម និងនាំចេញក្រពើភ្នំរួមមានៅប្រទេសថៃ ២៨កន្លែង នៅប្រទេសកម្ពុជា ២១កន្លែង និងនៅវៀតណាម ១០កន្លែង។ មូលដ្ឋានទិន្នន័យពាណិជ្ជកម្ម CITES បង្ហាញពីទីផ្សារអន្តរជាតិដែលកំពុងរីកចម្រើនសម្រាប់ផលិតផលចេញពីក្រពើភ្នំ ចាប់ពីស្បែក និងលលាដ៍ក្បាល រហូតដល់ទំនិញស្បែក និងសត្វរស់។
ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២០ កម្ពុជា ថៃ និងវៀតណាមបានរាយការណ៍ពីការនាំចេញក្រពើភ្នំចំនួនជាង ៥៤៧, ០០០ ក្បាល ដោយក្នុងនោះប្រទេសចិនបានចុះបញ្ជីជាអ្នកនាំចូលជិត ៨០ ភាគរយនៃក្រពើទាំងនេះ។ ក្រពើភ្នំទាំងអស់នេះត្រូវបានកត់ត្រាថាត្រូវបានបង្ខាំងទុកសម្រាប់បង្កាត់ពូជ។ យោងតាមការសិក្សា របស់ពាណិជ្ជកម្មពិភពលោកលើសត្វក្រពើពីឆ្នាំ ២០១៧ ដល់ ឆ្នាំ២០១៩ ក្រពើភ្នំមួយចំនួនធំដែលត្រូវបាននាំចេញទៅកាន់ប្រទេសចិនត្រូវបានសម្លាប់សម្រាប់ធ្វើជាអាហារ។
ក្ក្នុងអំឡុងពេលដូចគ្នា ប្រទេសចំនួនបីបានរាយការណ៍ពីការនាំចេញស្បែកប្រហែល ៤០ ម៉ឺនក្បាល និង «សាកសព» ក្រពើភ្នំជាង ៨ ម៉ឺនក្បាលទៅកាន់ប្រទេសនានាជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសសហភាពអឺរ៉ុបមួយចំនួនផងដែរ។ ស្បែកក្រពើត្រូវបានប្រើប្រាស់ជាញឹកញាប់ក្នុងការផលិតស្បែកជើង កាបូប និងគ្រឿងប្រើប្រាស់ផ្សេងទៀត សម្រាប់ទីផ្សារទូទាំងពិភពលោក។ ក្រពើភ្នំរស់ជាង ១០ ម៉ឺនក្បាល ត្រូវបានដឹកជញ្ជូនពីប្រទេសវៀតណាមទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១៩ ខណៈដែលសាកសពក្រពើភ្នំចំនួន ៧៨, ០៤០ ត្រូវបាននាំចេញពីប្រទេសថៃ ទៅកាន់ទីក្រុងហុងកុងក្នុងឆ្នាំ ២០១៣។
កសិដ្ឋានចិញ្ចឹមក្រពើ ជាដៃគូអភិរក្សដែលមិនបានរំពឹងទុក
ក្នុងឆ្នាំ ២០០៩ គម្រោងអភិរក្សសត្វក្រពើកម្ពុជា ដែលជាកិច្ចសហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) និងរដ្ឋបាលព្រៃឈើកម្ពុជា បានបង្កើតកម្មវិធីបង្កាត់ពូជក្រពើភ្នំពូជសុទ្ធចំនួន ៣៥ ក្បាល នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីឆ្លើយតបទៅនឹងចំនួនដ៏តិចតួចដែលនៅសេសសល់ក្នុងព្រៃ។ យោងតាមលោក Pablo Sinovas អ្នកគ្រប់គ្រងប្រភេទសត្វជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិនៅកម្ពុជា គម្រោងនេះបានដោះលែងក្រពើភ្នំពូជសុទ្ធចំនួន ១៣៦ ក្បាលទៅក្នុងជួរភ្នំក្រវាញចាប់តាំងពីឆ្នាំ ២០១២ ។
ជាផ្នែកនៃគម្រោងនេះ អ្នកអភិរក្សបានងាកទៅរកប្រភពនៃចំនួនសត្វក្រពើភ្នំដ៏ធំបំផុតដែលនៅរស់សព្វថ្ងៃនេះគឺ កសិ-ពាណិជ្ជកម្ម។ អ្នកស្រី Rose លើកឡើងថា៖ «រហូតមកដល់ពេលថ្មីៗនេះ កសិករ និងអ្នកអភិរក្ស មិនមានទំនាក់ទំនងជាមួយគ្នាច្រើនោះទេ»។ «ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ យើងបានជួបកសិករបើកចិត្តទូលាយមួយចំនួន ដែលចាប់អារម្មណ៍លើការអភិរក្សនេះ»។
ជាមួយគ្នានេះដែរ លោក Sinovas និយាយថា ក្រពើភ្នំ មួយភាគបី ដែលត្រូវបានគេដោះលែងមកដល់ពេលនេះ គឺមកពីកសិដ្ឋាន។ លោកបានបន្តទៀតថា ជារួមក្រពើប្រមាណ ៣០០ ក្បាលត្រូវបានកសិករបរិច្ចាគទៅក្នុងកម្មវិធីបង្កាត់ពូជ និងដោះលែងសត្វក្រពើ។
អ្នកស្រី Rose បន្ថែមថា «ការបរិច្ចាគពីកសិដ្ឋានពិតជាមានសារៈសំខាន់សម្រាប់ការអភិរក្ស ដោយសារក្រពើភ្នំមានចំនួនតិចតួច»។ «វានឹងចំណាយពេលយូរណាស់សម្រាប់ [ពួកគេ] ដើម្បីបង្កាត់ពូជ និងបង្កើតចំនួនកូនចៅ។ ការបញ្ចេញសត្វក្រពើបន្ថែមនេះ ជួយធ្វើពិពិធកម្មហ្សែនសត្វប្រភេទនេះ និងបង្កើនចំនួនស្តុកសត្វក្នុងព្រៃដែលនៅសេសសល់ទាំងនោះ»។
អ្នកស្រី Jenny Daltry ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសត្វព្រៃ និងរុក្ខជាតិ ដែលជាផ្នែកមួយនៃក្រុមស្ទង់មតិដែលបានរកឃើញក្រពើភ្នំក្នុងព្រៃឡើងវិញនៅកម្ពុជា និយាយថា ដំបូងឡើយ កសិដ្ឋាន គឺជាកន្លែងគំរាមកំហែងដ៏ធំបំផុតចំពោះសត្វក្រពើក្នុងតំបន់។ អ្នកស្រីនិយាយថា៖ «កសិដ្ឋានជាច្រើននៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់គឺគ្រាន់តែជញ្ជក់យកសត្វចេញពីព្រៃប៉ុណ្ណោះ»។
អ្នកស្រីបានបន្ថែមថា «វាពិតជាលំបាកណាស់ក្នុងការចាប់ដៃគូជាមួយអ្នកដែលពាក់ព័ន្ធនៅដំណាក់កាលនោះ»។ ប៉ុន្តែខណៈពេលដែលការអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធនេះបានបង្ហាញឱ្យឃើញនូវបញ្ហាប្រឈមមួយចំនួន អ្នកស្រីនិយាយថា ឥឡូវនេះ វា«កំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវហើយ»។
លោក Sinovas និយាយថា ខណៈពេលដែល «ការបរបាញ់ខ្នាតតូចអាចកើតមានឡើង» ដោយកសិដ្ឋានទំនងជាលែងយកពីសត្វព្រៃទៀតហើយ «ដោយសារចំនួនក្រពើភ្នំមានតិចតួចបំផុតនៅក្នុងទីតាំងព្រៃដាច់ស្រយាល ដែលវាមិនសមនឹងការខិតខំប្រមាញ់នោះទេ [នៅពេល] ដែលក្រពើរាប់ពាន់ក្បាលកំពុងបង្កាត់ពូជនៅក្នុងកសិដ្ឋាន»។
នៅប្រទេសថៃ សមាគមកសិករក្រពើថៃសហការជាមួយនាយកដ្ឋានឧទ្យានជាតិ និងសាកលវិទ្យាល័យ មៈហិដុល (Mahidol University) បានដោះលែងក្រពើភ្នំពូជសុទ្ធចំនួន ២០ ក្បាលនៅឆ្នាំ ២០២០ នេះបើតាមប្រសាសន៍របស់លោក Yosapong Temsiripong ប្រធានសមាគមដែលតំណាងឱ្យកសិដ្ឋានចំនួន ២០ កន្លែងដែលបានចុះបញ្ជី CITES។
«យើងជួយអម្បូរក្រពើក្នុងព្រៃដោយការលែងក្រពើជារៀងរាល់ឆ្នាំ។ មិនត្រឹមបង្កើនចំនួនក្រពើព្រៃឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់យើងឡើងវិញ និងផ្លាស់ប្តូរការយល់ឃើញរបស់កសិករចិញ្ចឹមក្រពើនៅក្នុងប្រទេសថៃ និងអាស៊ីអាគ្នេយ៍ផងដែរ»។ នេះបើតាមការលើកឡើងរបស់លោក Temsiripong ដែលជាអ្នកគ្រប់គ្រងទូទៅនៃកសិដ្ឋាន Sriracha Moda ដែលជាកសិដ្ឋានចិញ្ចឹមក្រពើជាង ២ ម៉ឺនក្បាល។ លោក Temsiripong មានបញ្ជាក់បន្ថែមថាចាប់ពីឆ្នាំ ២០២៣ តទៅ សមាគមគ្រោងនឹងបញ្ចេញកូនក្រពើភ្នំចំនួន ២០ ក្បាលទៅក្នុងឧទ្យានជាតិជារៀងរាល់ឆ្នាំ។
«ហើយហេតុផលតែមួយគត់ដែលយើងដោះលែងតិចតួចនោះ គឺដោយសារយើងគ្មានទីជម្រកនូវសេសសល់»។ លោក Temsiripong បន្តថា៖ «អ្វីដែលយើងត្រូវធ្វើពេលនេះ គឺការធ្វើការជាមួយនឹងឧទ្យានជាតិប៉ាងស៊ីដា។»
តើការចិញ្ចឹមសត្វព្រៃ ជាគំរូប្រកបដោយចីរភាពសម្រាប់ការអភិរក្សដែរឬទេ?
ការធ្វើកសិកម្មបែបពាណិជ្ជកម្ម និងការជួញដូរប្រភេទសត្វជិតផុតពូជអាចជួយដល់ចំនួនសត្វព្រៃ គឺជាប្រធានបទជជែកពិភាក្សាយ៉ាងក្តៅគគុកក្នុងចំណោមអ្នកអភិរក្ស។
អ្នកតស៊ូមតិសម្រាប់ «ការប្រើប្រាស់ប្រកបដោយនិរន្តរភាព» ដែលជាគំរូនៃការអភិរក្ស លើកឡើងថាការជួញដូរស្របច្បាប់ នៃផលិតផលសត្វព្រៃដែលអាចបំពេញតម្រូវការ ដោយកាត់បន្ថយសម្ពាធលើចំនួនសត្វព្រៃ។ ផ្ទុយទៅវិញ អ្នកអភិរក្សផ្សេងទៀតអះអាងថា ការធ្វើពាណិជ្ជកម្មស្របច្បាប់ជារឿយៗបង្កើនតម្រូវការលើផលិតផលធ្វើចេញពីសត្វព្រៃ ហើយបទប្បញ្ញត្តិដ៏តឹងរឹង ដែលត្រូវការដើម្បីធានាថាចំនួនសត្វព្រៃមិនរងផលប៉ះពាល់អវិជ្ជមាន គឺពិបាកក្នុងការសម្រេចបានពេលអនុវត្តន៍ជាក់ស្ដែង។
ការសិក្សាក្នុងឆ្នាំ ២០១៦ លោក Laura Tensen អ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត នៅសាកលវិទ្យាល័យ Koblenz-Landau បានស្នើលក្ខខណ្ឌមួយចំនួន ដែលត្រូវតែបំពេញ សម្រាប់ការធ្វើកសិកម្ម ដើម្បីទទួលបានអត្ថប្រយោជន៍ដល់ការអភិរក្ស។ ខ្លឹមសារលក្ខខណ្ឌទាំងនេះគ្រប់ដណ្ដប់ដូចជា ផ្នែកសេដ្ឋកិច្ច (ការធ្វើកសិកម្មត្រូវតែមានតម្លៃថោកជាងការចាប់យកពីក្នុងព្រៃ) ផ្នែកប្រភព (កសិដ្ឋានមិនត្រូវស្តុកទុកសព្វព្រៃ ឬចាប់សត្វដែលមានប្រភពខុសច្បាប់) និងផ្នែកតម្រូវការ (ការធ្វើកសិកម្មមិនត្រូវបង្កើនតម្រូវការអតិថិជន ហើយអតិថិជនមិនត្រូវបង្ហាញចំណូលចិត្តរវាងផលិតផលសត្វព្រៃ ឬផលិតផលកសិដ្ឋានឡើយ) ។
«បើគ្មានអភិបាលកិច្ចល្អ ឬគ្មានយន្តការត្រួតពិនិត្យនៅនឹងកន្លែង កសិដ្ឋានទាំងនោះនៅតែដំណើរការដើម្បីបំផ្លាញចំនួនសត្វក្រពើក្នុងព្រៃ»។ លោក Steven Platt អ្នកជំនាញខាងសត្វនៅអង្គការសង្គមអភិរក្សសត្វព្រៃបានបន្ថែម។
លោក Tensen បន្ថែមថា «នាពេលណាមួយដែលលក្ខណៈវិនិច្ឆ័យទាំងនេះមិនត្រូវបានបំពេញ វានឹងមានឥទ្ធិពលអវិជ្ជមានលើចំនួនសត្វព្រៃ ហើយស្ថានភាពដែលបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់គឺ «កម្រណាស់»។ លោកនិយាយថា ការអនុវត្ត និងការត្រួតពិនិត្យ គឺចាំបាច់ដើម្បីធានាថាលក្ខណៈវិនិច្ឆ័យទាំងនេះ ត្រូវបានបំពេញនៅគ្រប់កសិដ្ឋាន ហើយបើគ្មានការអនុវត្តនោះទេ «ការចិញ្ចឹមសត្វព្រៃអាចមានឥទ្ធិពលមហន្តរាយ»។
មានឧទាហរណ៍មួយចំនួននៃចំនួនសត្វព្រៃធ្លាក់ចុះបន្ទាប់ពីការចាប់ផ្តើមនៃការធ្វើកសិពាណិជ្ជកម្ម ដូចជាករណី ស ត្វខ្លានៅប្រទេសឡាវ រហូតដល់ បង្គួយពិជឃាតយក្ស នៅក្នុងប្រទេសចិន។ ខណៈដែលថ្មីៗនេះ ប្រទេសចិនបាន រឹតបន្តឹងការចិញ្ចឹម សត្វព្រៃ សម្រាប់ការប្រើប្រាស់ជាអាហារ ដោយឡែក រដ្ឋាភិបាលនេប៉ាល់ កំពុងផ្លាស់ប្តូរបើកការចិញ្ចឹមសត្វព្រៃជាលក្ខណៈពាណិជ្ជកម្ម។
លោក Steven Erstaunt អ្នកជំនាញខាងសត្វ នៅសមាគមអភិរក្សសត្វព្រៃ ដែលបានធ្វើការលើការអភិរក្សសត្វក្រពើនៅអាស៊ីអាគ្នេយ៍តាំងពីឆ្នាំ ១៩៩៩ មានប្រសាសន៍ថា «ខ្ញុំមិនមានអ្វីប្រឆាំងនឹងការធ្វើកសិកម្មទេ ប៉ុន្តែវាមិនមានអត្ថប្រយោជន៍សម្រាប់ការអភិរក្សពីការធ្វើកសិកម្មនេះឡើយ»។ «នៅពេលដែលអ្នកបញ្ជាក់ថា មិនមានអភិបាលកិច្ចល្អ ឬយន្តការត្រួតពិនិត្យនៅនឹងកន្លែង កសិដ្ឋានទាំងនោះដំណើរការដើម្បីបំផ្លាញចំនួនសត្វក្រពើក្នុងព្រៃ»។
លោក Patrick Aust សមាជិកនៃក្រុមអ្នកឯកទេសក្រពើរបស់ IUCN អះអាងថា បញ្ហានៃការចិញ្ចឹមក្រពើក្នុងតំបន់ គឺជាការអនុវត្តឲ្យតែរួច ជាជាងការអនុវត្តដោយផ្អែកលើគំនិតទស្សនៈ។ តាមរយៈលោក Aust ការអនុវត្តក្នុងវិស័យនេះ «មិនត្រូវបានអមដោយការស្រាវជ្រាវប្រកបដោយភាពច្នៃប្រឌិត ឬពហុជំនាញផ្នែកបរិស្ថាន ការងារអភិវឌ្ឍន៍សង្គមឡើយ ដោយអំណាចទឹកលុយដ៏មហិមារជាឥទ្ធិពលតែមួយគត់»។
យោងតាមលោក Aust ដែលសិក្សាពីសក្តានុពលនៃសត្វល្មូនជាប្រភពអាហារប្រកបដោយនិរន្តរភាពនៅសាកលវិទ្យាល័យ Oxford កសិដ្ឋានចិញ្ចឹមក្រពើខ្នាតតូចអាចយកឈ្នះលើបញ្ហាដូចជាអាកាសធាតុមិនអំណោយផលខ្លាំង និងការផ្ទុះជំងឺ ដែលញាំញីដល់ការចិញ្ចឹមសត្វដទៃទៀត។ គាត់បន្ថែមថា «ពួកគេជាប្រភេទសត្វកសិកម្មដ៏សម្បូរបែប ដើម្បីបន្ថែមទៅក្នុងប្រព័ន្ធកសិអាហារខ្នាតតូចនៅក្នុងសហគមន៍តូចៗដែលងាយរងគ្រោះ»។
លោក Aust និយាយថា៖ «អ្វីដែលជាបញ្ហានោះគឺថា គំរូផលិតកម្មបានពង្រីកខ្លួនពីកសិដ្ឋានធុនតូចទៅជាកសិដ្ឋានធំទៅៗ ដោយបង្អាក់ពីគំរូខ្នាតតូច ធន់ និងនិរន្តរភាពនោះ។ ទោះជាយ៉ាងណាក៏ដោយ គាត់អះអាងថា «គំរូដ៏ល្អប្រសើរនៃការអភិរក្សនូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព ត្រូវបានបញ្ជាក់រួចហើយថាមានប្រសិទ្ធភាព» នេះបើតាមទម្រង់នៃការចិញ្ចឹមក្រពើនៅក្នុងប្រទេសអូស្ត្រាលី។
តើភាពជោគជ័យក្នុងការចិញ្ចឹមសត្វរបស់អូស្ត្រាលីអាចយកគំរូតាមបានដែរឬទេ?
«ពាណិជ្ជកម្មដែលត្រូវបានគ្រប់គ្រង និងការងារប្រកបដោយចីរភាព នាំមកនូវដំណើរការប្រើប្រាស់ប្រកបដោយចីរភាព»។ នេះបើតាមការលើកឡើងរបស់ អ្នកស្រី Inger Andersen នាយកប្រតិបត្តិនៃកម្មវិធីបរិស្ថាន របស់អង្គការសហប្រជាជាតិ នៅក្នុង សុន្ទរកថាបើក របស់អ្នកស្រី នៅឯកិច្ចប្រជុំកំពូល CITES ឆ្នាំ ២០១៩ ។ ឧទាហរណ៍ដំបូង និងតែមួយគត់របស់អ្នកស្រី គឺការជួញដូរក្រពើនៅប្រទេសអូស្ត្រាលី។
ករណីសិក្សារបស់ CITES ឆ្នាំ ២០១៩ លើសត្វក្រពើនៅតំបន់ភាគខាងជើងនៃប្រទេសអូស្ត្រាលីបានរកឃើញថា បន្ទាប់ពីការបរបាញ់ក្នុងកំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ ដល់ឆ្នាំ ១៩៦០ ដែលបានបណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំងនៃចំនួនសត្វក្រពើទឹកប្រៃ កម្មវិធី «ការប្រើប្រាស់ប្រកបដោយចីរភាព» បានរួមចំណែកដល់ការស្ដារនូវចំនួនសត្វព្រៃឡើងវិញ។ កម្មវិធីនេះត្រូវបានគេសម្គាល់ជាញឹកញាប់ថា ជាករណីសិក្សា នៃការប្រើប្រាស់ប្រកបដោយនិរន្តរភាព ដោយជោគជ័យក្នុងការជជែកពិភាក្សាទូលំទូលាយទៅលើការកេងប្រវ័ញ្ចពាណិជ្ជកម្មលើសត្វព្រៃ។
គំរូចម្បងដែលប្រើក្នុងអាជីវកម្មសត្វក្រពើរបស់ប្រទេសអូស្ត្រាលីគឺ ការចិញ្ចឹមដែលពឹងផ្អែកលើការប្រមូលពងមកពីក្នុងព្រៃ ឬកូនក្រពើ ដែលមិនទំនងអាចរស់បានរហូតដល់ពេញវ័យ ហើយយកមកចិញ្ចឹមនៅក្នុងទ្រុងវិញ។ បន្ទាប់មកក្រពើទាំងនេះត្រូវបានសម្លាប់ នៅពេលដែលពួកគេឈានដល់ទំហំដែលអាចធ្វើអាជីវកម្មបាន។ គំរូនេះមានគោលបំណងលើកទឹកចិត្តម្ចាស់កសិដ្ឋានឱ្យការពារជម្រកសត្វក្រពើ ព្រោះគំរូនេះអាស្រ័យលើចំនួនសត្វព្រៃ។
ភាពជោគជ័យនៃកម្មវិធីប្រើប្រាស់ប្រកបដោយចីរភាព របស់ប្រទេសអូស្ត្រាលីត្រូវបានទទួលស្គាល់ដោយ លោក Charlie Manolis សហប្រធានបណ្តោះអាសន្ន នៃក្រុមអ្នកឯកទេសក្រពើ IUCN ប៉ុន្តែគាត់ជឿជាក់ថា ការអនុវត្តរបស់វានៅក្នុងបរិបទសម្រាប់ប្រទេសផ្សេងទៀតនៅមានកម្រិត។
លោក Manolis ប្រធានអ្នកវិទ្យាសាស្ត្រនៅអង្គការអភិរក្សការប្រើប្រាស់ប្រកបដោយនិរន្តរភាព Animals Management International បានមានប្រសាសន៍ថា «រចនាថនៃការអភិរក្សនេះមិនដំណើរការសម្រាប់មនុស្សគ្រប់រូប ឬសត្វគ្រប់ប្រភេទទាំងអស់នោះទេ ប៉ុន្តែវាបានអាចដំណើរការបានសម្រាប់ពពួកក្រពើនៅក្នុងប្រទេសអូស្ត្រាលី ។ នៅក្នុងប្រទេសខ្លះ វាមានដែនកំណត់ចំពោះអ្វីដែលអាចធ្វើបាន ដោយសារកត្តាធម្មជាតិ និងកត្តាប្រជាសាស្រ្ត។»
កត្តាសំខាន់សម្រាប់ភាពជោគជ័យរបស់ប្រទេសអូស្ត្រាលី គឺជម្រកដ៏មានសក្តានុពលដ៏ធំនៅក្នុងដែនដីភាគខាងជើង ដែលលោក Manolis និយាយថា ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍បានបាត់បង់។ លោកបន្តថា៖ «នៅក្នុងប្រទេសផ្សេងទៀតដូចជាប្រទេសថៃមានជម្រកតិចតួច។ ហេតុនេះ តើមានកន្លែងណាសម្រាប់ជាជម្រកដល់ក្រពើភ្នំ? »
ផ្ទុយពីគំរូចិញ្ចឹមសត្វរបស់ប្រទេសអូស្ត្រាលី កសិដ្ឋានចិញ្ចឹមក្រពើនៅអាស៊ីអាគ្នេយ៍ប្រើប្រព័ន្ធ «បង្ខាំងការវិវដ្ត» ដែលក្នុងនោះក្រពើគ្រប់វ័យត្រូវបានចាប់ពីព្រៃដើម្បីយកមកចិញ្ចឹមក្នុងទ្រុង។ ឥឡូវនេះ ក្រពើពេញវ័យត្រូវបានបង្ខាំងទុកសម្រាប់បង្កាត់ពូជ ដើម្បីបង្កបង្កើតពង ដែលត្រូវបានចិញ្ចឹមរហូតដល់ក្រពើឈានដល់ទំហំដែលអាចធ្វើអាជីវកម្មបាន ហើយត្រូវបានលក់ ឬសម្លាប់។ នៅក្នុងបរិបទនេះ កសិដ្ឋានមិនពឹងផ្អែកលើចំនួសត្វព្រៃដែលមានសុខភាពល្អនោះទេ។
យោងតាមលោក Manolis ផ្នែកសំខាន់មួយទៀតនៃភាពជោគជ័យរបស់ប្រទេសអូស្ត្រាលី គឺកិច្ចសហប្រតិបត្តិការដែលបានបង្កើតឡើងរវាងម្ចាស់ដី អ្នកចិញ្ចឹមសត្វ និងអ្នកអភិរក្ស។ ទោះជាយ៉ាងណាក៏ដោយ លោកព្រមានថា ការចម្លងភាពជោគជ័យនៃការចិញ្ចឹមក្រពើរបស់ប្រទេសអូស្ត្រាលី ទៅកាន់ប្រទេសនានាដូចជាកម្ពុជា គឺមិនទំនងទៅរួចនោះទេ ដោយសារក្រពើភ្នំតាមព្រៃមានចំនួនតិចតួច បូករួមទាំងការថយចុះនៃជម្រក និងប្រព័ន្ធច្បាប់របស់រដ្ឋាភិបាលនៅមានកម្រិត។
ទន្ទឹមនឹងនេះ លោកស្រី Daltry ក៏ព្រមានដែរថា វានឹងមានហានិភ័យ បើសិនគេព្យាយាមអនុវត្តការចិញ្ចឹមសត្វតាមបែបប្រទេសអូស្ត្រាលី មកធ្វើជាជម្រើសមួយសម្រាប់គំរូកសិកម្មនៅអាស៊ីអាគ្នេយ៍ ។ លោកស្រីនិយាយថា ដោយសារ «ជីវភាពជាច្រើនអាស្រ័យលើវិស័យមួយនេះ នោះវានឹងមានភាពពិបាក ប្រៀបដូចជាការដាក់ថ្នាំដុសធ្មេញចូលបំពង់វិញយ៉ាងអញ្ចឹង»។
លោកស្រី Daltry និយាយថា «សត្វក្រពើស្ថិតនៅក្នុងតំបន់រឹតត្បិតកាន់តែច្រើន ហើយដោយមានជំនួយពីជនជាតិដើមភាគតិច និងអាជ្ញាធរមូលដ្ឋាន សត្វទាំងនោះអាចត្រូវបានការពារ និងត្រួតពិនិត្យកាន់តែមានប្រសិទ្ធភាព។ វាប្រហែលជាមានសុវត្ថិភាពក្នុងការចិញ្ចឹម ជាងការព្យាយាមរៀបចំអ្វីដែលស្មុគស្មាញពេក ដែលត្រូវការបទប្បញ្ញត្តិច្រើន»។
ទោះបីជាកសិដ្ឋានចិញ្ចឹមក្រពើមានការពាក់ព័ន្ធនៃការផុតពូជរបស់ក្រពើព្រៃនៅអាស៊ីអាគ្នេយ៍ក៏ដោយ ក៏ Daltry ជឿជាក់ថា អ្នកអភិរក្សត្រូវតែស្វែងរកមធ្យោបាយដើម្បីសហការជាមួយកសិករ ព្រោះវិស័យនេះនឹងនៅតែជាផ្នែកមួយក្នុងការជួញដូរក្នុងតំបន់ ដរាបណាតម្រូវការអន្តរជាតិសម្រាប់ផលិតផលក្រពើនៅតែមាន។.
«ខ្ញុំមិននិយាយថា អ្នកគួរបញ្ឈប់ការចិញ្ចឹមបែបកសិដ្ឋាន ឬបិទនោះទេ។ វិស័យមួយនេះនៅទីនេះ ហើយវាកំពុងកើតឡើង។ អ្វីដែលយើងត្រូវមើលគឺ ថាតើយើងធ្វើការជាមួយវិស័យនេះដោយរបៀបណា ដើម្បីធានាថាសត្វទាំងនេះមួយចំនួនអាចរស់នៅក្នុងព្រៃបាន»។ លោកស្រី បានបន្ថែម។
ក្រពើមានសំណាង
គម្រោងអភិរក្សសត្វក្រពើនៅកម្ពុជាគ្រោងនឹងដោះលែងសត្វក្រពើមួយចំនួន ដែលផ្តល់ដោយកសិដ្ឋាននៅសៀមរាបទៅក្នុងទន្លេស្រែអំបិល សម្រាប់ក្រពើដែលប្រមូលថ្មីៗនឹងដោះលែងជាបន្តបន្ទាប់។
លោក Pablo Sinovas ចាប់មាត់របស់ក្រពើប្រវែង ១. ៨ ម៉ែត្រ និងទម្ងន់ ២៥ គីឡូក្រាមដោយដៃឆ្វេងរបស់គាត់។
គាត់ឈរក្នុងទឹក ដោយជើងរបស់គាត់ជាន់លើដីស្លែបាតទន្លេ ដែលជាទីតាំងសមស្របមួយក្នុងការដោះលែងក្រពើ។ បន្ទាប់មកគាត់បោះក្រពើនោះទៅក្នុងទន្លេដែលហូរកាត់ឧទ្យានជាតិជួរភ្នំក្រវាញ ភាគខាងត្បូងក្នុងប្រទេសកម្ពុជា។ សម្រែករបស់សត្វក្រពើត្រូវបានបន្លឺឡើងភ្លាមរហូតទាល់តែវាធ្លាក់ចូលទឹក។
នេះជាការ ការដោះលែងសត្វក្រពើក្នុងចំនួនធំបំផុតដែលអង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ (FFI) ធ្វើនៅក្នុងប្រទេសកម្ពុជា កាលពីខែមីនា ឆ្នាំ ២០២២។ ការដោះលែងនេះមានគោលបំណងពង្រឹងចំនួនសត្វព្រៃនៅម្តុំជួរភ្នំក្រវាញ ជាមួយនឹងក្រពើភ្នំពូជសុទ្ធ ២៥ ក្បាល ដែលទាំងអស់នេះត្រូវបានបរិច្ចាគពីកសិដ្ឋាន។
លោក Sinovas និយាយថា «ការយកក្រពើចេញពីកសិដ្ឋាន ចូលទៅក្នុងព្រៃ នេះហើយជាសំណាង»៕
បកប្រែដោយ អ៊ុន វឌ្ឍនា
អត្ថបទនេះត្រូវបានសរសេរក្រោមការសហការជាមួយ The Third Rod ។