«គោព្រៃ» នៅកម្ពុជា ដង្ហើយហៅការអភិរក្ស

«គោព្រៃ» នៅកម្ពុជា ដង្ហើយហៅការអភិរក្ស

ជើងវែងស្តើងពីរគូរ ទ្រខ្លួនវែងស្តួច មានបូកខ្នង សាច់កខាងមុខយារចុះក្រោម និងមានស្នែងកោង គឺជារូបរាងដែលបានបរិយាយអំពីថនិកសត្វជាតិនៃប្រទេសកម្ពុជាគឺ គោព្រៃ។

គេធ្លាប់ប្រទៈឃើញគោព្រៃ រស់នៅតាមវាលស្មៅនៃប្រភេទព្រៃស្រឡះ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា និងភាគខាងត្បូងបំផុតនៃប្រទេសឡាវ។ គោព្រៃគឺជាប្រភេទសត្វដែលមិនឃើញមានវត្តមាន ជាងកន្លះសតវត្សរ៍មកហើយ។

អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាអាជ្ញាធរឈានមុខគេរបស់ពិភពលោក ធ្វើអភិរក្សប្រភេទសត្វ ដែលរងការគំរាមកំហែងបានថ្លែងថា គោព្រៃ «ភាគច្រើននឹងអាចផុតពូជ» នៅក្នុងបញ្ជីក្រហមនៃការវាយតម្លៃប្រភេទសត្វ។ ប៉ុន្តែការរួមបញ្ចូលគ្នានៃនយោបាយក្នុងស្រុក និងកង្វៈទិន្នន័យបានបង្អាក់ការ​កំណត់​ជា​ផ្លូវ​ការ​នៃ​ប្រភេទសត្វជិតផុត​ពូជទុកមួយឡែក។

នា​ពេល​បច្ចុប្បន្នអ្នកស្រាវជ្រាវនៅអង្គការអភិរក្សសត្វព្រៃ re:WILD និងវិទ្យាស្ថា​នសត្វវិទ្យា និងការស្រាវជ្រាវសត្វព្រៃ លីបនីស (Leibniz Institute for Zoo and Wildlife Research) កំពុងតែធ្វើការសិក្សាផ្តោតសំខាន់លើសត្វគោព្រៃក្នុងរយៈពេលជាងមួយទសវត្សរ៍មកហើយ។  លោក អេនឌ្រូ ធីលខឺ (Andrew Tilker) ដែលជាមន្ត្រីជំនាញផ្នែកប្រភេទសត្វនៅអាស៊ីសម្រាប់អង្គការ  re:Wild ហើយក៏ជាអ្នកដឹកនាំការសិក្សានេះបាននិយាយថា ក្រុមការងារស្រាវជ្រាវកំពុងស្វះស្វែងកំណត់នូវជម្រកសត្វគោព្រៃ ដែលមិនធ្លាប់ត្រូវបានគេសិក្សាពីមុនមក ដោយសង្ឃឹមថាអាចរួមចំណែកស្វែងរក «បំណែកភស្តុតាងនៃវត្តមានគោព្រៃ»។

«រហូតទាល់តែយើងអាចធ្វើការសន្និដ្ឋានដោយប្រាកដក្នុងចិត្តថាតើ ប្រភេទសត្វនេះនៅតែមាន ឬមួយក៏អត់ បើមិនដូច្នេះទេ វានៅតែបន្តជាសញ្ញាសួរសម្រាប់វត្តមានសត្វប្រភេទនេះ» លោក ធីលខឺ បកស្រាយ។

 សត្វ​គោ​ព្រៃ​ដែលពិបាករកបំផុតក្នុង​ពិភពលោក

រូបសំណាក់សត្វគោព្រៃ ដាក់បង្ហាញនៅរង្វង់មូលវត្តភ្នំដែលជាវត្តអារាមដ៏ចំណាស់នៅរាជធានីរបស់ប្រទេសកម្ពុជា ។ រូបថតដោយ Anton L. Delgado។
 រូបសំណាកសត្វគោព្រៃបីក្បាល សម្គាល់ច្រកចូលសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ដែលមានចម្ងាយត្រឹមតែ ៤០គីឡូម៉ែត្រពីភាគនិរតីនៃរាជធានីភ្នំពេញ ។ រូបថតដោយ Anton L. Delgado។​

រូបភាពសត្វគោព្រៃមិនពិបាករកទេនៅក្នុងប្រទេសកម្ពុជា។ រូបចម្លាក់សត្វគោព្រៃដែលមាននៅតាមបណ្តោយច្រកចេញចូលនៃឧទ្យានសួនសត្វនៅកម្ពុជា ក៏ដូចជានៅកន្លែងប្រវត្តិសាស្ត្រនៃរាជធានីភ្នំពេញគឺរង្វង់មូលវត្តភ្នំ និងនៅក្រុងសែនមនោរម្យ គឺមិនពិបាករកទេ។ 

ប៉ុន្តែសត្វគោព្រៃឯណេះវិញមិនត្រូវបានគេឃើញចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០ មកម្ល៉េះ។

«វាទំនងជាមានរូបចម្លាក់សត្វគោព្រៃច្រើនជាងសត្វគោព្រៃពិតប្រាកដនៅក្នុងព្រៃទៅទៀត» លោក ធីលខឺ និយាយ។

គោព្រៃ​ទើបតែត្រូវ​បាន​គេ​ពណ៌នា​តាម​បែប​វិទ្យាសាស្ត្រ​ក្នុង​ឆ្នាំ ១៩៣៧។ ចំនេះដឹងដ៏តិចតួចពីជីវវិទ្យារបស់សត្វប្រភេទនេះ គឺបានមកពីការរុករកដែលធ្វើឡើងនៅកម្ពុជានាអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ ១៩៦០។ ការរុករកទាំងនេះ បានរកឃើញថា គោព្រៃមានចំនួនតិច ប៉ុន្តែអ្នកស្រាវជ្រាវសន្មត់ថាការថយចុះនៃសត្វព្រៃពាក់ព័ន្ធទៅនឹងការកើនឡើងនៃការបរបាញ់សត្វនៅក្នុងតំបន់។ ខណៈ​ដែល​គោព្រៃ​ត្រូវ​បាន​គេអះអាង​ថាមានវត្តមាន​អំឡុងទសវត្សរ៍​ឆ្នាំ ១៩៨០ ការ​រកឃើញ​គោព្រៃ​ចុងក្រោយ​បង្អស់​គឺ​តាំងតែពីឆ្នាំ ១៩៦៩ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា។

នៅក្នុងឆ្នាំ ២០១១ ក្រុមអ្នកជំនាញសត្វគោព្រៃអាស៊ីនៃអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) បានវាយតម្លៃថា ប្រហែល ៩០% នៃរូបថតកាមេរ៉ា ដែលបំពាក់សម្រាប់តាមដានសត្វព្រៃនៅតាមតំបន់ដែលជាទីជម្រករបស់សត្វគោព្រៃ  គេឃើញថាពុំមានរូបភាពសត្វគោព្រៃនោះទេ។ 

ដំណាក់កាលដំបូងនៃការសិក្សារបស់លោក ធីលខើ ដែលកំពុងតែដំណើរការហើយ បានរួមបញ្ចូលទិន្នន័យស្រង់ចេញពីការរុករកពីមុនៗដើម្បីភ្ជាប់គ្នានូវរូបភាព នៃកន្លែងដែលធ្លាប់ជាជម្រករបស់គោព្រៃ។ ចំណែកដំណាក់កាលទីពីរ ដែលជិតបានបញ្ជប់ គឺទាក់ទងនឹងការប្រមូលយករូបភាពថតពីកាមេរ៉ាដែលបំពាក់សម្រាប់តាមដានសត្វព្រៃនៅទូទាំងតំបន់ឥណ្ឌូចិន ដើម្បីវិភាគថា តើតំបន់ណាដែលធ្លាប់ត្រូវបានស្វែងរករួចមកហើយ ក៏ដូចជាធ្លាប់បានស្វែងដល់កម្រិតណា។ ដំណាក់កាលចុងក្រោយនឹងបូកបញ្ចូលទិន្នន័យនេះ ដើម្បីរកមើលថាតើទីជម្រកគោព្រៃណាមួយដែលគេមិនធ្លាប់បានសិក្សាពីមុន។

ក្រុមការងាររំពឹងថានឹងបញ្ជប់ការសិក្សានេះត្រឹមឆ្នាំ ២០២៣។ ជំហ៊ានបន្ទាប់នឹងពឹងផ្អែកទៅលើលទ្ធផល។ លោក ធីលខឺ បាននិយាយថា «ប្រសិនបើមានតំបន់ដែលសាកសមនឹងការស្វែងរកបន្ថែមទៀត ខ្ញុំប្រាកដថាយើងអាចឈានទៅមុខបាន ពីព្រោះមានការចាប់អារម្មណ៍គ្រប់គ្រាន់ពីសហគមន៍អភិរក្សជុំវិញពិភពលោក។

ខណៈដែលគោព្រៃធ្លាប់ត្រូវបានគេរកឃើញលើកដំបូងនៅក្នុងព្រៃស្រឡះដែលមានវាលស្មៅ លោក ធីលខឺ យល់​ថាសត្វនេះអាចរស់នៅកន្លែងផ្សេងក៏ថាបាន ព្រោះយើងមិនសូវបានឃើញវា ដូច្នេះហើយយើងមិនដឹងពីការរស់នៅរបស់វាទេ។

លោក ធីលខឺ ប្រាប់ថា «តំបន់ដាច់ស្រយាល ហើយពោពេញដោយព្រៃស្តុកគឺជាទីតំបន់ការពារចុងក្រោយសម្រាប់ប្រភេទថនិកសត្វធំៗជាច្រើន ដែលទទួលរងការធ្វើបាបយ៉ាងធ្ងន់ធ្ងរ» ។  លោក ធីលខឺចង្អុលទៅព្រំដែនកម្ពុជា-ឡាវ នៅពេលដែលសួរថាតើគោព្រៃអាចនឹងមាននៅទីណា នៃឥណ្ឌូចិន។ ព្រំដែនកម្ពុជា-ឡាវ គឺជាកន្លែងដែលគាត់និយាយថាដណ្តប់ដោយព្រៃធំៗ ដែលមិនត្រូវបានអង្កេតដោយសារតែភាពដាច់ស្រយាល។ 

លោក​និយាយ​ថា «ឧទាហរណ៍​ដ៏​ល្អ​បំផុត គឺ​ឧទ្យាន​ជាតិ​វីរៈជ័យ ដែលលាតសន្ធឹងលើផ្ទៃដីជាង ៣៣២ ០០០ ហិកតា តាមបណ្តោយព្រំដែនកម្ពុជា ឡាវ និងវៀតណាម។ ចំណេះដឹងវិទ្យាសាស្ត្រអំពី វត្តមានជីវិតនានានៅក្នុង​ឧទ្យានគឺនៅមានកម្រិតនៅឡើយទេ ព្រោះការប្រមូលយកទិន្នន័យនៃជីវចម្រុះដ៏ជាក់លាក់លើកដំបូងនៅតំបន់នោះ គឺកំពុងតែដំណើរការនៅឡើយ។

នៅខែមីនាឆ្នាំ ២០២១ កាមេរ៉ាដែលបំពាក់សម្រាប់តាមដានសត្វព្រៃ ត្រូវបានគេដំឡើងក្នុងដំណាក់កាលដំបូងនៃការស្រង់ទិន្នន័យជីវចម្រុះ ដែលដឹកនាំដោយ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ ​(FFI) បានចាប់បាននូវរូបភាពកូនសត្វឈ្លូសដែលមានស្នែងធំមួយដំបូងគេ។ ប្រភេទ​សត្វ​នេះ​ត្រូវ​បាន​ពិពណ៌នា​តាម​បែប​វិទ្យាសាស្ត្រ​ក្នុង​ឆ្នាំ ១៩៩៤ ហើយ​វា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីដោយអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)​ ថា​ជា​ប្រភេទ​សត្វ «​ជិត​ផុត​ពូជ» ។ រូបភាពនៃកូនសត្វឈ្លូសនេះ បញ្ជាក់ពីវត្តមានរបស់ការបង្កបង្កើតកូនរបស់សត្វក្នុងប្រទេសកម្ពុជា។ 

បើយោងតាម លោក ផាប្លូ ស៊ីណូវ៉ាស (Pablo Sinovas) ដែលជានាយកប្រចាំប្រទេស នៃអង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ ​(FFI) នៅកម្ពុជាបាននិយាយថា «ការស្វះស្វែងរកដ៏ធំនេះមានន័យថា ប្រហែលជាមានសត្វច្រើនទៀតដែលអាចនឹងត្រូវបានរកឃើញនៅក្នុងតំបន់នេះ។» ការដែលយើងមិន​ដឹង​ថា ​តើអាចនឹងមានប្រភេទសត្វព្រៃអ្វីខ្លះ​នៅតាម​តំបន់​ការពារ​ដូចជា ឧទ្យានជាតិ​វីរជ័យ ធ្វើឱ្យអ្នកអភិរក្សមិនអាចចាត់ចែងសកម្មភាពអភិរក្សបាន និងមិនអាចធ្វើអន្តរាគមន៍ដល់ប្រភេទសត្វកម្រ និងជិតផុតពូជដែលរស់នៅទីនោះ។

លោក ជឹត ធំ មន្ត្រីឧទ្យានុរក្សព្រៃឈើដែលធ្វើការនៅក្រសួងបរិស្ថាន កែសម្រួលកាមេរ៉ាតាមដានសត្វព្រៃនៅក្នុងឧទ្យានជាតិវីរជ័យឲ្យចំប្លង់ ដើម្បីផ្តិតយករូបភាព ដែលជាផ្នែកមួយនៃការសិក្សាអំពីជីវចម្រុះដែលធ្វើឡើងដោយអង្គការ​សត្វព្រៃ​ និង​រុក្ខជាតិអន្តរជាតិ​(FFI) ។​ រូបថតដោយ Anton L. Delgado។​

លោក ចន្ថា ណាសាក់ មន្ត្រី​ប្រភេទ​សត្វ​ដ៏ល្បី​របស់អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិអន្តរជាតិ ​(FFI) នៅកម្ពុជា បានចំណាយពេលជាច្រើនសប្តាហ៍នៅ​វីរជ័យ ដើម្បីបំពាក់កាមេរ៉ាតាមដានសត្វព្រៃសម្រាប់ការសិក្សាអំពីជីវចម្រុះ។ លោកសង្ឃឹមថាលទ្ធផលនឹងសង្កត់ធ្ងន់ទៅលើតម្រូវការការពារជម្រកសត្វធំៗ។

«សត្វព្រៃ​ជា​ចំណុចដ៏ពិសេស​មួយ​នៅតំបន់​វីរជ័យ ហើយ​គោព្រៃ​ក៏ជាផ្នែក​ដ៏​សំខាន់នៃ​វប្បធម៌​ខ្មែរដែរ។ គួរឱ្យសោកស្តាយ នាពេលឥឡូវនេះយើងនៅតែមិនដឹងតួលេខនៃសត្វគោព្រៃនៅក្នុងប្រទេសកម្ពុជា» លោកបាននិយាយបែបនេះ។  «ប៉ុន្តែយើងគួរតែផ្តោតសំខាន់លើការការពារទីកន្លែងដូចជាវីរជ័យជាដើម ដូច្នេះប្រហែលជាសត្វគោព្រៃ ហើយក៏សត្វផ្សេងៗទៀតអាចបន្តរស់នៅបាន។» លោកបានបន្ថែម។​

«ថនិកសត្វធំបានផ្លាស់ទីអស់ហើយ ដោយសារតែការបរបាញ់ច្រើនពេក» លោក ខេម ផុន ប្រធានប៉ុស្ដិ៍ឧទ្យានុរក្សស្រុកវើនសៃ ដែលការពារងឧទ្យានជាតិវីរជ័យបានប្រាប់។ «គោព្រៃលែងមានទៀតហើយ។ មនុស្សបានបរបាញ់វាច្រើនពេក។» រូបថតដោយ Anton L. Delgado។​
ក្នុងរយៈពេលជិត ២៥ ឆ្នាំ លោក ខេម ផុន បានធ្វើជាមន្ត្រីឧទ្យានុរក្សព្រៃឈើនៅវីរជ័យបានឲ្យដឹងថា គោព្រៃតែមួយគត់ដែលគាត់បានឃើញគឺជាសត្វដែលនៅលើបំណះផ្លាកឯកសណ្ឋានមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថានរបស់គាត់។ រូបថតដោយ Anton L. Delgado​។

ទន្ទឹមនឹងសត្វគោព្រៃ សមាជិកមួយចំនួនទៀតនៃប្រភេទសត្វអម្បូរគោព្រៃគឺមានដើមកំណើតនៅឥណ្ឌូចិន មានដូចជា ទន្សោង ខ្ទីង និងក្របីព្រៃជាដើម។ ប៉ុន្តែបច្ចុប្បន្នចំនួនសត្វទាំងអស់នេះកំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ដែលរុញច្រានភាគច្រើនដោយការដាក់អន្ទាក់មិនរើសមុខ ដែលនាំឱ្យអ្នកអភិរក្សភ័យខ្លាចថាពពួកសត្វនេះនឹងមានវាសនាអភ័ព្វដូចសត្វគោព្រៃ។ 

អន្ទាក់រូតគឺជាអន្ទាក់ធម្មតាដែលធ្វើពីខ្សែរូត ឆ្នៃឡើងដើម្បីទាក់ក ដងខ្លួន ឬជើងរបស់សត្វណាដែលដើរកាត់វា។ ជាធម្មតា វាត្រូវបានគេធ្វើពី​​របស់របរប្រើប្រាស់​ក្នុងផ្ទះ ដូចជា​ខ្សែ​នីឡុង ឬ​ខ្សែពួរ អន្ទាក់​រូតមានតម្លៃ​ថោក ងាយស្រួល​ដំឡើង និងមិនសាំញ៉ាំក្នុងការចាប់សត្វទ្រង់ទ្រាយធំ​។

លោក សុខ ឡូឡូ ដក​អន្ទាក់​រូតដែល​រក​ឃើញ​ក្នុង​ពេល​ចុះ​ល្បាត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត។ ក្នុងរយៈពេលពីរម៉ោងដំបូងនៃការល្បាតនៅព្រឹកថ្ងៃសៅរ៍ ក្នុងខែកក្កដា ឆ្នាំ ២០២២ មន្ត្រីល្បាតព្រៃបានរកឃើញ និងដកអន្ទាក់ចំនួនប្រាំពីរ។ រូបថតដោយ Anton L. Delgado។
លលាដ៍ក្បាលសត្វទន្សោងចំនួនពីរក្បាល ដែលស្លាប់ក្រោយជាប់អន្ទាក់ ត្រូវបានរក្សាទុកក្នុងរោងឧទ្យានុរក្សរបស់សហគមន៍នៅដែនជម្រកសត្វព្រៃភ្នំត្នោត។ រូបថតដោយ Anton L. Delgado។​
អន្ទាក់ដែល​ចាប់​បាន​ក្នងរយៈពេល​ពីរ​សប្តាហ៍​ដោយ​មន្ត្រី​ឧទ្យានុរក្ស​សហគមន៍​ក្នុង​ដែនជម្រកសត្វ
ព្រៃ​ភ្នំ​ត្នោត ដែលជា​ជម្រក​របស់​សត្វ​ទន្សោង​មួយ​ហ្វូង​។​ រូបថតដោយ Anton L. Delgado។​

នៅក្នុងរបាយការណ៍ឆ្នាំ ២០២០ អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានប៉ាន់​ស្មាន​ថា អន្ទាក់រូត​ចំនួនប្រមាណ ១២,២លាន ​មាន​នៅ​តាមង​តំបន់​ការពារ​នៅប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ដែលក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ អាចមានអន្ទាក់ស្មើ​នឹង​ជាង ១១០ អន្ទាក់ ​។ 

សត្វទន្សោងដែលជាប្រភេទមួយនៃអម្បូរគោព្រៃ ត្រូវបានរកឃើញក្នុងចំនួនមួយដ៏តិច នៅមីយ៉ាន់ម៉ា ទៅដល់កោះបាលី គឺស្ថិតក្នុងចំណោមប្រភេទសត្វដែលមានហានិភ័យបំផុត នេះបើយោងតាមលោក ថមម៉ាស​ ហ្គ្រេយ៍ (Thomas Gray) ដែលជាសហអ្នកនិពន្ធរបាយការណ៍ WWF ដែលបានសិក្សាអំពីចំនួនសត្វទន្សោងនៅកម្ពុជា។

ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែលស្ថិតនៅក្នុងខេត្តព្រះវិហារនៅភាគខាងជើងនៃប្រទេសកម្ពុជា ជាន្លែងសម្រាប់ធ្វើការស្វែងរកសត្វគោព្រៃជាច្រើន ដែលបានដំណើរការកាលពីដើមសតវត្សទី ២០ ក៏ជា​ជម្រក​របស់សត្វទន្សោងដែលមានប្រហែលមួយរយក្បាលសព្វថ្ងៃ។ ក៏ប៉ុន្តែ វាត្រូវបានញាំញីដោយការរាយអន្ទាក់។

លឹម សាប ជា​មន្ត្រី​ឧទ្យានុរក្ស​សហគមន៍​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​-ភ្នំ​ពក។ «បើ​យើង​បន្ត​សម្លាប់​សត្វព្រៃ​ទៀត  ប្រជាជន​កម្ពុជា​ជំនាន់​ក្រោយ​ក៏នឹង​ព៉ំស្គាល់ច្បាស់​ដែរ​ថា​សត្វ​ស្រុក​យើង​មាន​រូបរាង​យ៉ាងណា» លោក សាប និយាយបែបនេះ។ ​រូបថតដោយ Anton L. Delgado។​

ឧទ្យានុរក្សព្រៃដូចជា សុខ ឡូឡូ និង លឹម សាប ចំណាយពេលជាច្រើនថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីល្បាតនៅតំបន់ការពារក្នុងគោលបំណងស្វែងរកអន្ទាក់រូត។ ក្នុង​រយៈពេល​ពីរ​ម៉ោង​ដំបូង​ នៃ​ការ​ល្បាត​ពេល​ព្រឹក​កាលពីពាក់កណ្តាល​ខែកក្កដា អ្នក​ទាំង​ពីរ​បាន​ដោះអន្ទាក់​ចំនួន​ប្រាំពីរ​។ 

«ខណៈ​ដែលចំនួនទន្សោងបន្ត​ធ្លាក់​ចុះ​ដោយ​សារ​ការ​ជាប់​អន្ទាក់ វត្តមានគោព្រៃ​ដែលសេសសល់អាចធ្លាក់​ចុះ​ដល់​សូន្យ»

នយោបាយនៃការផុតពូជ

គោព្រៃ​ត្រូវ​បាន​ព្រះរាជាណាចក្រកម្ពុជា​ដាក់​បញ្ចូល​ជា​និមិត្តសញ្ញា​បេតិកភណ្ឌ​ជាតិ​ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដែល​ធ្វើ​ឱ្យគោព្រៃ​ក្លាយជា​សត្វតំណាង​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ នៅឆ្នាំ ២០០៥  ព្រះរាជក្រឹត្យមួយបានបង្រួមចំណងជើងទៅជា «ថនិកសត្វជាតិ» ។

ទោះ​បី​ជា​ព៉ំមានវត្តមាន នៃការបញ្ជាក់អំពីការរកឃើញរបស់គោព្រៃជាងកន្លះ​សតវត្សរ៍​មក​ហើយ​ក៏​ដោយ គោព្រៃនៅតែខ្ចរខ្ចាយក្នុងវប្បធម៌ខ្មែរ។ រូបរាងរបស់សត្វនេះលេចឡើងនៅលើត្រាផ្លូវការ និងស្លាកសញ្ញាក្រុមហ៊ុនមួយចំនួន។ «គោព្រៃ» ត្រូវ​បាន​គេ​ប្រើ​ជា​ឈ្មោះ​សម្រាប់​សមយុទ្ធ​យោធា និង​ជា​រហស្សនាម​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។

ភាពទូលំទូលាយនៃការប្រើឈ្មោះសត្វនេះជានិមិត្តសញ្ញាវប្បធម៌ខ្មែរ ទំនងជាហេតុផលមួយនៃភាពស្ទាក់ស្ទើររបស់រដ្ឋាភិបាល ក្នុងការកំណត់ការផុតពូជដែលអាចកើតមានរបស់វា នេះ​បើ​តាម​លោក រ៉ូប៊ឺត ធីមមីនស៍ (Robert Timmins) អ្នកសរសេររបាយការណ៍វាយតម្លៃរបស់ IUCN អំពីស្ថានភាពរបស់គោព្រៃ។ 

«ការផុតពូជគឺ ជាការមាក់ងាយចំពោះសត្វនេះ។ តាមទស្សនៈនយោបាយ ការទទួលស្គាល់ពីការវិនាសរបស់សត្វ ជាពិសេសចំពោះសត្វដែលជានិមិត្តរូបរបស់ជាតិ វាផ្តល់ផលប៉ះពាល់ដល់នយោបាយ» លោក ធីមមីនស៍ បរិយាយ។ «គ្មាននរណាម្នាក់ចូលចិត្តទទួលស្គាល់ការបរាជ័យទេ ហើយវាពិបាកភ្នែកណាស់ដែលការផុតពូជសត្វ បង្ហាញអំពីកម្សោយក្នុងការគ្រប់គ្រង និងអភិបាលកិច្ច។» លោកបានបន្ថែម។

ការ​ប្រកាសការ​ផុត​ពូជ​ក៏​ត្រូវ​ការ​ពេល​វេលា​ដើម្បី​រួបរួម​គ្នា​ផង​ដែរ។ អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ប្រកាសថាប្រភេទសត្វណាមួយផុតពូជ នៅពេលដែល «ការស្លាប់ចុងក្រោយរបស់សត្វប្រភេទហ្នឹង ពុំមានការសង្ស័យទៀត» និង «ការសិក្សាដ៏ល្អិតល្អន់» បានបរាជ័យក្នុងការកត់ត្រាប្រភេទសត្វនោះ។ ក្នុង​ករណី​គោព្រៃ បើ​ទោះ​ជា​មានការសន្និដ្ឋានថា «ការផុតពូជរបស់វា បើមិនទាន់កើតឡើងក៍ដោយ ក៏វាស្ទើរតែកើតឡើងទៅហើយ» IUCN មិន​ទាន់​បាន​ចាត់​ថ្នាក់​ប្រភេទ​សត្វនេះ​​ថាផុត​ពូជ​នៅ​ឡើយ​ទេ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ដែល​ថា​ជម្រករបស់វា​​ «មិនត្រូវបានគេ​អង្កេត​គ្រប់គ្រាន់​ដើម្បីរកវត្តមានរបស់​គោព្រៃ»។ 

«តើ​ការ​បកស្រាយអំពីវិនាសកម្មរបស់គោព្រៃអាច​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ដែរ​ឬ​ទេ?» លោក ហ្គ្រេយ៍  ជាអ្នកសម្របសម្រួលបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែង (Red List) សម្រាប់ក្រុមអ្នកជំនាញសត្វគោព្រៃអាស៊ី នៃអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) បង្ហាញពីការងឿងឆ្ងល់របស់ខ្លួននៅឡើយ។ 

«វាពុំមានភាពបន្ទាន់ក្នុងការប្រកាសពីការដាច់ពូជទេ» លោកនិយាយ។ «បើសិនជាគោព្រៃដែលជាសត្វចតុប្បាទនិមិត្តរូបរបស់ប្រទេសកម្ពុជាត្រូវបានប្រកាសថាផុតពូជ តើ​វា​នឹង​អាចផ្លាស់​ប្តូរ​ឥរិយាបថ​របស់​រដ្ឋាភិបាល ឬ​ប្រជាជន​តាម​មធ្យោបាយ​ណា​មួយដែរឬទេ? ខ្ញុំមិនដឹងទេ។ តើ​វាអាច​បណ្តាលមកពី​រដ្ឋាភិបាល​ឬ​ទេ? ខ្ញុំ​គិត​ថា វា​ប្រហែល​ជា​រឿង​មួយដែលឆោត ហើយ​សង្ឃឹម​ពេក​ ក្នុង​ការ​និយាយ។» 

លោក ហ្គ្រេយ៍ ព្យាករណ៍ថាបញ្ជីក្រហមបន្ទាប់របស់ IUCN ស្តីពីគោព្រៃដែលរំពឹងថាក្នុងរយៈពេល 1 ទៅ ២  ឆ្នាំខាងមុខ នឹងចុះបញ្ជីប្រភេទសត្វនេះជាសត្វ «ជិតផុតពូជ»។

ប៉ុន្តែលោក ធីលខឺ បានលើកឡើងថា ការផុតពូជជាផ្លូវការនៃសត្វអាចញ៉ាំងឱ្យរដ្ឋាភិបាល និង​អ្នក​អភិរក្ស មានសកម្មភាពឡើងវិញ ក្នុងកិច្ច​ការពារចំនួន​អម្បូរសត្វ​គោព្រៃ​ផ្សេងទៀតដែល​កំពុង​ថយចុះ​ក្នុង​តំបន់។

«ទោះជាពុំមាន ឬនៅសល់តែប្រាំក្បាល សត្វគោព្រៃ គឺជាសញ្ញាព្រមានថា ពពួកសត្វដែលរស់នៅលើដីទាំងអស់នៅក្នុងតំបន់ អាចនឹងឈានទៅដល់ការផុតពូជ។ លោក ធីលខឺ និយាយដូច្នេះ។ «ស្ថានភាពសត្វគោព្រៃជាសញ្ញាព្រមានដល់ជីវចម្រុះ ជាពិសេសគឺសត្វក្នុងចំណោមអម្បូរគោព្រៃនៅឥណ្ឌូចិន។ ប្រសិនបើគោព្រៃត្រូវបានប្រកាសថាផុតពូជ វាអាចជាការដាស់តឿនដ៏សំខាន់មួយសម្រាប់ការការពារសត្វទន្សោង និងថនិកសត្វធំៗដទៃទៀត។» លោកបានបន្ថែម៕ 

បកប្រែដោយ សុខ ម៉ូលីនណា

អត្ថបទ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយការ​សហការ​ជាមួយ The Third Pole និង China Dialogue  ។